(ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាល កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានប្រារព្ធពិធីអបអរសាទរខួប ៩ឆ្នាំរបស់ខ្លួន នៅសណ្ឋាគារហាយយ៉ាត់រីចេនស៊ី ។ រយៈពេល៩ឆ្នាំនេះ មន្ទីរសំរាកព្យាបាល កម្ពុជា(FCC) បាននឹងកំពុងឈានមុខគេ ក្នុងការព្យាបាលអ្នកជំងឺលំបាកមានកូនជាង ៣០០០គ្រួសារដោយជោគជ័យ តាមរយៈបច្ចេកវិទ្យាវេជ្ជសាស្ត្របង្កកំណើតកូនក្រៅខ្លួន ដូចប្រទេសជឿនលឿន នៅក្នុងតំបន់ និងពិភពលោកដែរ។

មន្ទីរសំរាកព្យាបាល កម្ពុជា ទទួលបានការគាំទ្រ និងជឿជាក់លើការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអ្នកជំងឺ ដោយផ្តោតលើ ប្រសិទ្ធភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញវេជ្ជសាស្ត្រ ដែលមានបទពិសោធច្រើនឆ្នាំ និងមានស្មារតីទទួលខុសត្រូវខ្ពស់ បូករួមជាមួយបច្ចេកវិទ្យាចុងក្រោយ ធ្វើឲ្យមន្ទីរពេទ្យសម្រេចអត្រាជោគជ័យខ្ពស់។ ជាលទ្ធផល មន្ទីរសំរាកព្យាបាលកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO 9001:2015 (គ្រប់គ្រងរាល់ប្រតិបត្តិការទាំងអស់) ពីវិទ្យាស្ថាន និយ័តករ British Standards Institute នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវប្រសិទ្ធភាព និងសុវត្ថិភាពជូនអ្នកជំងឺ។

លើសពីឧត្តមភាពក្នុងវេជ្ជសាស្ត្រព្យាបាល មន្ទីរសំរាកព្យាបាល កម្ពុជា បានផ្តល់អទិភាព ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពវេជ្ជបណ្ឌិត និងអ្នកជំនាញ ដើម្បីធានាឲ្យបាននូវអត្រាជោគជ័យកាន់តែខ្ពស់។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មន្ទីរសំរាកព្យាបាល កម្ពុជា បានរៀបចំសិក្ខាសាលាដំបូងស្តីអំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រជំនួយការបង្កកំណើតក្រៅ ដែលមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិមកពីអឺរុប សហរដ្ឋអាមេរិក សិង្ហបូរី និង វៀតណាម ក្នុងគោលបំណងបង្កើតនូវវេទិកាប្រចាំឆ្នាំសម្រាប់បទបង្ហាញផ្សេងៗ ដែលផ្តល់ចំណេះដឹងអំពីរបកគំហើញថ្មីៗ ក្នុងការព្យាបាលជំងឺលំបាកមានកូន សម្រាប់វេជ្ជបណ្ឌិត និងអ្នកឯកទេសពាក់ព័ន្ធសុខភាពបង្កកំណើត។ ជាមួយនឹងអទិភាពនៃការសិក្សាស្រាវជ្រាវនេះ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសជាប្រចាំ ដល់អ្នកប្រតិបត្តិវេជ្ជសាស្ត្រ និងអ្នកគ្រប់គ្រង ដើម្បីផ្តល់នូវសេវាព្យាបាលល្អប្រសើរបំផុត ជូនដល់អ្នកជំងឺ។

លើសពីការទទួលស្គាល់ និងទំនុកចិត្តក្នុងប្រទេស ឧត្តមភាពនៃមន្ទីរសំរាកព្យាបាល កម្ពុជា ក៏ត្រូវបានទទួលស្គាល់ក្នុងវេទិកាតំបន់ផងដែរ។ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស និងជាសហស្ថាបនិក មន្ទីរសំរាកព្យាបាល កម្ពុជា បានទទួលកិតិ្តយសក្លាយជាអ្នកតំណាងប្រចាំប្រទេស របស់កម្ពុជា នៅ Asia Pacific Initiative on Reproduction [(ASPIRE សន្និសីទអាស៊ីបាស៊ីហ្វិកស្តីពីសុខភាពបង្កកំណើត)]។ វេទិកាដ៏សំខាន់នេះ ជំរុញធ្វើឲ្យប្រសើរឡើងក្នុងប្រតិបត្តិព្យាបាលលំបាកមានកូនប្រកបដោយគុណភាព បង្កើនការយល់ដឹងពីការឈានទៅមុខនៃនីតិវិធីព្យាបាល និងជំរុញឲ្យវេជ្ជបណ្ឌិតឯកទេសកាន់តែមានប្រសិទ្ធភាពក្នុងការប្រឹក្សានិងព្យាបាលអ្នកជំងឺលំបាកមានកូន។

លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង បានលើកឡើងថា «នាងខ្ញុំជឿជាក់ថា ប្រសិទ្ធភាព និងសុវត្ថិភាព ជាគោលការណ៍ចម្បងក្នុងអាជីពជាវេជ្ជបណ្ឌិត។ ក្នុងការព្យាបាលយើងតែងចង់មានប្រសិទ្ធភាពនិងទទួលបានលទ្ធផលតាមការរំពឹងទុក ប៉ុន្តែសុវត្ថិភាពរបស់អ្នកជំងឺ កាន់តែមានសារៈសំខាន់។ ក្នុងនាមជាវេជ្ជបណ្ឌិត និងនាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាល កម្ពុជា នាងខ្ញុំនិងបុគ្គលិកបច្ចេកទេសទាំងអស់ តែងតែផ្តល់នូវការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត និងម៉ត់ចត់ គ្រប់ការព្យាបាលនិងគ្រប់ពេលវេលា»

គួរបញ្ជាក់ផងដែរថា អត្រាមានកូន ត្រូវបានគេផ្តល់និយមន័យថា ជាចំនួនកូនជាមធ្យម ដែលស្រី្តអាចមាន ក្នុងអាយុដែលគាត់អាចបង្កកំណើតបាន។ ក្រោយពីរបបខ្មែរក្រហម ឆ្នាំ១៩៧៩ អត្រាមានកូននៅកម្ពុជា កើនឡើងគំហុកជិតដល់ចំនួន៦ ដែលត្រូវបានគេហៅថា Post Khmer Rouge Baby Boom (កំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម) ហើយគេប្រដូចទៅនឹង World War II Baby Boom (កំណើតកូនកើនដោយគំហុកក្រោយសង្គ្រាមលោកលើកទី២)។

ប៉ុន្តែបើតាមសម្តីដកស្រង់ចេញពីបទបង្ហាញរបស់លោកសាស្រ្តាចារ្យ ដូមីនិក ដឺហ្ស៊ីឃ្លែរ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រ នៃមន្ទីរសំរាកព្យាបាល កម្ពុជា និងជាសិក្សាធិករដែលបានស្រាវជ្រាវនិងនិពន្ធជាង ២៥០អត្ថបទស្រាវជា្រវ ក្នុងវិស័យសុខភាពបង្កកំណើត បានអោយដឹងថា៖ «បច្ចុប្បន្នភាពបង្ហាញថា ការបន្តយល់ឃើញបែបនេះ ជាការយល់ច្រឡំ និងកំណើតកូនកើនដោយគំហុកក្រោយរបបខ្មែរក្រហម លែងមានទៀតហើយ»

អត្រាមានកូនបច្ចុប្បន្ននៅប្រទេសកម្ពុជា បានធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ មកត្រឹមតែលើស ២បន្តិចប៉ុណ្ណោះ ស្មើនឹងអត្រានៅប្រទេសវៀតណាម។ លោកសាស្រ្តាចារ្យបានបន្ថែមទៀតថា ដើម្បីចំនួនប្រជាជននៃប្រទេសមួយមានស្ថិរភាព អត្រាមានកូនត្រូវស្ថិតនៅត្រឹមចាប់ពី ២,១ឡើងទៅ ហើយថាអត្រាទាបជាងនេះ ច្បាស់ណាស់ មិនអាចធានាបាននូវស្ថិរភាពចំនួនប្រជាជនមិនឲ្យធ្លាក់ចុះបានទេ។ បើមើលពីទិដ្ឋភាពធុរកិច្ចអាជីវកម្ម មន្ទីរសំរាកព្យាបាល កម្ពុជា ប្រកាន់យកគោលការណ៍ប្រតិបត្តិ នៃភាពច្បាស់ ត្រូវ និងស្មោះត្រង់ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងការពេញចិត្តនិងទំនុកចិត្តខ្ពស់។

លោក ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក បានលើកឡើងនូវភាពច្បាស់លាស់អំពីលទ្ធផល ដែលត្រូវរួមគ្នាសម្រេចឲ្យខាងតែបាន នូវដំណោះស្រាយវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រជាជននិងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមដំបូងក្នុងវិស័យសុខភាពបង្កកំណើតក្នុងប្រទេសកម្ពុជា និងការសម្រេចចិត្តដ៏មោះមុត បានផ្តល់ឱកាសដល់គ្រឹះស្ថាននេះ ចូលរួមយ៉ាងច្រើនឥតឧបមា ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គមរួមមាន ការលែងលះ អស់សង្ឃឹម បាក់ទឹកចិត្ត និងអំពើហិង្សាក្នុងគ្រួសារ ដែលផ្តើមចេញមកពីវិបត្តិមិនមានកូន និងសម្រាលបញ្ហាសេដ្ឋកិច្ច ដោយជួយកាត់បន្ថយចំណាយច្រើនសន្ធឹកសន្ធាប់ របស់ប្រជាជនកម្ពុជា ក្នុងការទៅទទួលសេវាព្យាបាលនេះ នៅបរទេស។

«កាលណោះ ខ្ញុំព្យាយាមណាស់ ហើយនៅតែមិនមានកូន។ ខ្ញុំអស់សង្ឃឹម។ ខ្ញុំក៏បានលឺពីការព្យាបាលលំបាកមានកូន។ ខ្ញុំសម្រេចចិត្តថាព្យាបាល។ ខ្ញុំសម្រេចបំណងបានកូន១ ដែលជាកូនបង្កកំណើតក្រៅខ្លួនទី១របស់កម្ពុជា។ ឥឡូវនេះ កូនខ្ញុំអាយុ៨ឆ្នាំហើយ» ។ នេះគឺជាសម្តីរបស់អ្នកស្រី បេង ចាន់រី ដែលជាប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ខណៈបច្ចុប្បន្ន អ្នកស្រីមានកូន ២នាក់ហើយ ៕