(អាមេរិក)៖ គ្រាន់តែបើកឲ្យមានការទិញសំបុត្រទុកមុន សម្រាប់ការចូលទស្សនាភាពយន្តឯកសារ អំពីព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍រដូវក្ដៅ របស់តារាចម្រៀង Taylor Swift ភ្លាម គេសង្កេតឃើញថា សន្ទុះដែលបានទៅទិញ គឺបានកើនឡើងយ៉ាងគំហុក ខណៈទឹកប្រាក់បានកើនឡើងដល់ជាង ៦៥លានដុល្លារភ្លាមៗ និងត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង ១០០លានដុល្លារក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមប្រភពបានឲ្យដឹងថា ភាពយន្តពីការប្រគំតន្ត្រី «Taylor Swift: Eras Tour» បានលក់សំបុត្រចូលទស្សនាបានទឹកប្រាក់ជាង ៦៥លានដុល្លារ។ នេះជាទឹកប្រាក់ដែលលក់បានពី ទីតាំងសំខាន់ៗចំនួនបី នៅសហរដ្ឋអាមេរិក គឺមាននៅ AMC, Regal, និង Cinemark ក៏ដូចជា Cineplex នៅក្នុងប្រទេសកាណាដា និង Cinépolis ក្នុងប្រទេសម៉ិកស៊ិក។ ចំនួនទឹកប្រាក់នេះ ដែលត្រូវបានជាប់កំណត់ត្រាតែម្តង សម្រាប់ថ្ងៃបើកសម្ពោធខ្សែភាពយន្ត កំពូលវីរបុរសល្បីៗដូចជា «Doctor Strange in Multiverse of Madness» ទទួលបាន៦០លានដុល្លារ និងរឿង «The Batman» ទទួលបាន៤២លានដុល្លារ។

គួរជម្រាបថា ភាពយន្តឯកសារមានចំណងជើងថា «Taylor Swift: The Eras Tour» នឹងត្រូវចាក់បញ្ចាំងក្នុងរោងកុននៅអាមេរិកខាងជើង ចាប់ពីថ្ងៃទី១៣ ខែតុលា ដោយតារាចម្រៀងម្ចាស់បទ «Anti-Hero» បានប្រកាសនៅលើគណនី X ឬ Twitter កាលពីថ្ងៃទី៣១ ខែសីហា។ សំបុត្រចូលទស្សនាភាពយន្តឯកសាររបស់ Taylor Swift សម្រាប់មនុស្សពេញវ័យមានតម្លៃ ១៩.៨៩ដុល្លារ ហើយសំបុត្ររបស់កុមារនឹងមានតម្លៃ ១៣.១៣ដុល្លារ៕