(អាមេរិក)៖ តារាម៉ូដែលជាង៧០នាក់ ដែលមានពិការភាពបានបង្ហាញសម្លៀកបំពាក់ម៉ាកល្បីៗដូចជា Tommy Hilfiger, Adidas និង Victoria's Secret នៅលើឆាកនៃព្រឹត្តិការណ៍ «New York Fashion Week» ខណៈសម្លៀកបំពាក់ត្រូវបានគេដឹងថា រចនាឡើងជាពិសេស ដើម្បីបំពេញតម្រូវការរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃតី១៥ ខែកញ្ញា ឆ្នាំ២០២៣។

តាមការចេញផ្សាយបានឲ្យដឹងថា កម្មវិធីបង្ហាញម៉ូដនេះ ត្រូវបានរៀបចំឡើងដោយ Runway of Dreams Foundation ដែលជាអង្គការសប្បុរសធម៌សាធារណៈ ធ្វើការជាមួយក្រុមហ៊ុនសម្លៀកបំពាក់ផ្សេងៗ ដើម្បីច្នៃម៉ូដសម្លៀកបំពាក់ ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ឲ្យបានគ្រប់ៗគ្នា និងផ្តល់ជម្រើសឲ្យជនពិការអាចទទួលបាន ម៉ូដសម្លៀកបំពាក់ដែលមានភាពច្នៃប្រឌិត និងត្រូវនឹងស្ថានភាពរាងកាយរបស់ពួកគេ។

គួរជម្រាបថា តារាម៉ូដែលពិការភាពខាងលើមានជាង ៧០នាក់ ដែលបានចូលរួម ខណៈកម្មវិធីនេះ គឺបានធ្វឡើងនៅថ្ងៃទី១៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ។ ក្នុងចំណោមម៉ាកដែលចូលរួមបង្ហាញម៉ូដថ្មីៗរបស់ខ្លួន ក្នុងកម្មវិធីនោះរួមមានដូចជាម៉ាក Zappos, Target, Tommy Hilfiger, Adidas និង Victoria's Secret ជាដើម៕