(ភ្នំពេញ)៖ កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡា ដែលមានប្រតិភូ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប្រមាណ ១៨០នាក់ ចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

យោងតាមមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អត្តពលិក ដែលកម្ពុជានឹងបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ដែលើកពីឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ ខាងលើ រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។

សូមរំឮកថា កាលពី Asian Games លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាចូលរួម និងដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងវីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលកម្ពុជា ឈ្នះមេដាយមាសកីឡាអាស៊ី ២គ្រឿង បន្ទាប់ពីវីរកីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ៕