(ព្រះសីហនុ)៖ ធនាគារ វឌ្ឍនៈ សម្ពោធសាខា ទី៣៧ នៅក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងការពង្រីកបណ្តាញសាខាទូទាំង​​ប្រទេស។​

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ​ វឌ្ឍនៈ គឺអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ លោក Anthony Chin អគ្គនាយកប្រតិបត្តិគណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ និងឥស្សរជន​ជាន់ខ្ពស់រួមមាន អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកស្រី សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ឡុង វិសាលោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា និងលោកស្រី, លោក សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកស្រី លោកស្រី តាំង សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម, លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក ឯក សុផុន នាយកសាខាធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ត្រូវបានរចនាឡើងដោយគិតគូរពីភាពប្រណិត​ និងបានផ្តល់ជូននូវសេវាកម្មមាស ជាពិសេសការផ្តោតទៅលើអតិថិជនពិសេសដើម្បីទទួលបាននូវសេវាកម្មដ៏ល្អឥតខ្ចោះ។​ ជាមួយនឹងការបើកដំណើរការសាខាថ្មីនេះ​ ធនាគារ វឌ្ឍនៈ ផ្តល់ជូនសេវាកម្មមាសនៅ​ ១០ទីតាំងសាខាទូទាំងប្រទេស។ យើងខ្ញុំផ្តល់ជូននូវផលិតផល និង សេវាកម្មផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែលមានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេសឆ្លុះបញ្ចាំងពីនិន្នាការដ៏ទំនើប ដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន ៣៧ នៅទូទាំង២២ ខេត្តក្រុងរួចមកហើយ។ នៅក្នុងឆ្នាំនេះ យើងគ្រោងនឹងបើកសាខាចំនួន ៥ បន្ថែមទៀត​ ដែលនឹងធ្វើអោយចំនួនសាខាសរុបក្នុងឆ្នាំ២០២៣ មានចំនួន ៤២សាខា បន្ទាប់មកយើងគ្រោងនឹងពង្រីកសាខារហូតដល់ចំនួន ៥៣ សាខា នៅត្រឹមឆ្នាំ ២០២៤ ទូទាំងខេត្តក្រុង។​

លោក Anthony Chin អគ្គនាយកប្រតិបត្តិ​បានលើកឡើងពីការប្តេជ្ញាចិត្ត​ ក្នុងការបង្កើនបទពិសោធន៍ប្រព័ន្ធធនាគារ​ទាំងនៅសាខា​ និងឌីជីថលសម្រាប់អតិថិជន។​

លោកបានបញ្ជាក់បន្ថែមថា «ឥឡូវនេះយើងកំពុងធ្វើការដោយឥតឈប់ឈរ ដើម្បីនាំយកនូវបទពិសោធន៍ធនាគារដ៏ល្អបំផុត ជូនដល់អតិថិជនដោយផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃសេវាធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្ម​ដើម្បីបំពេញតម្រូវការផ្សេងៗ និងបទពិសោធន៍យ៉ាងរលូន»

លោក Anthony Chin បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ធនាគារ វឌ្ឍនៈ ក្នុងរយៈពេល ២១ ឆ្នាំកន្លងមកនេះថា​ «ការបន្តពង្រីកសាខាជាបន្តបន្ទាប់របស់យើង គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតឈប់ឈរ របស់យើងចំពោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជា​ដែលត្រូវបានបង្កើតឡើងដោយប្រជាជនកម្ពុជា យើងនៅទីនេះនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រទេសកម្ពុជា»

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាថ្មីរបស់យើង ដែលមានទីតាំងនៅ​វិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬចូលទៅកាន់ www.vattanacbank.com  (http://www.vattanacbank.com/)។ សម្រាប់ជំនួយការ ២៤/៧ ឬសូមទាក់ទងមកកាន់លេខ ០៣៤ ៩០០ ៥៥៥៕