(បរទេស)៖ កីឡាករ Lionel Messi, Kylian Mbappe និង Erling Haaland ស្ថិតក្នុងបញ្ជីជុំចុងក្រោយ នៃការប្រជែងយកពានឯកត្តជន កីឡាករលេងល្អបំផុតប្រចាំរបស់ FIFA (Best FIFA Men's Player Award)។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Channel News Asia នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ស្នាដៃដ៏ធំធេងរបស់ Messi គឺបានជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតា និងជួយក្លិប Paris Saint-Germain ដណ្តើមបានពាន Ligue 1 មុនចប់កិច្ចសន្យាផ្លាស់ទៅលេងនៅ Inter Miami FC។

ជាមួយគ្នានោះដែរ អតីតមិត្តរួមក្រុម Kylian Mbappe ក៏មានឈ្មោះក្នុងបញ្ជី ៣នាក់ចុងក្រោយផងដែរ នៅពេលកីឡាករវ័យក្មេងរូបនេះ ជួយមាន់គកបារាំងឈានមកដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2022 ជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ គ្រាដែល Erling Haaland បានជួយក្លិបមេឃខៀវ Manchester City ឈ្នះពាន៣ នារដូវកាលមុន នៅពេលបង្ហាញខ្លួននៅកីឡដ្ឋាន Etihad ទើបបាន ១រដូវកាលប៉ុណ្ណោះ។

សូមរំលឹកផងថា ពានរង្វាន់លក្ខណៈឯកត្តជន Best FIFA Award ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បង្កើតឡើងក្នុងឆ្នាំ២០១៦ មក និងមានតែកីឡាករ ៤រូបប៉ុណ្ណោះធ្លាប់ឈ្នះពានប្រចាំនេះមានដូចជា Cristiano Ronaldo, Lionel Messi, Luka Modric និង Robert Lewandowski។ ការបោះឆ្នោតប្រចាំឆ្នាំទី៨ នេះដែរ បានបើកដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័រ FIFA.com ហើយនឹងបិទទៅវិញ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ពីការចូលរួមបោះឆ្នោតបណ្តាគ្រូបង្វឹកជម្រើសជាតិ ប្រធានក្រុម អ្នកកាសែតកីឡា និងអ្នកគាំទ្រថែមទៀតផង៕