(មេនឆេស្ទើ)៖ កីឡាករ Jadon Sancho នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកជាបណ្តោះអាសន្ន ពីក្រុមធំរបស់ក្លិប Manchester United បន្ទាប់ពីលោកបានឈ្លោះគ្នាជាសាធារណៈជាមួយអ្នកចាត់ការទូទៅ លោក Erik ten Hag នាពេលថ្មីៗនេះ។ នេះបើយោងតាមគេហទំព័រកីឡា Live Score ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក Ten Hag មិនបានដាក់ឈ្មោះ Sancho ចូលក្នុងបញ្ជី ក្នុងប្រកួតដែលបិសាចក្រហមចាញ់កាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-១ នោះទេក្នុងលីគ ដោយអះអាងថា ការអវត្តមានរបស់ខ្សែបម្រើស្លាបរូបនេះ ដោយសារតែទម្រង់លេង នៅពេលហ្វឹកហាត់មិនល្អ។

ការអត្ថាធិប្បាយទាំងនោះ បាននាំឲ្យកីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអង់គ្លេស អះអាងនៅលើបណ្តាញសង្គមថា លោកបានក្លាយជា «អ្នកដែលគេធ្វើបាបជានិច្ច» ហើយថា ពាក្យសំដីរបស់អ្នកចាត់ការសញ្ជាតិហូឡង់នេះ «មិនពិត» នៅក្នុងការបង្ហោះមួយ ដែលឥឡូវនេះលោកបានលុបចោលវិញ។

ក្នុងសេចក្តីថ្លែងការណ៍មួយពីក្រុមបិសាចក្រម បានលើកឡើងថា ពួកគេនឹងធ្វើការដោះស្រាយ នូវអ្វីដែលពួកគេហៅថា «បញ្ហាវិន័យក្នុងក្រុម» នៅអំឡុងពេលដែល Sancho នឹងនៅតែបន្ត «កម្មវិធីហ្វឹកហាត់ផ្ទាល់ខ្លួន» មួយរយៈសិន៕