(សៀមរាប)៖ ក្នុងគោលគំនិតលើកតម្លៃសោភ័ណភាព និងបរិស្ថានជុំវិញប្រាសាទលលៃឱ្យកាន់តែល្អប្រសើរ ភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តលលៃ បានសម្អាតគំនរដី និងកម្ទេចថ្មសំណង់កុដិចាស់របស់វត្តលលៃនៅតាមជើងខឿនប្រាសាទផ្នែកខាងលិច និងខាងត្បូង។

លោក សោម ប៊ុនធឿន ប្រធានក្រុមភ្នាក់ងារទេសចរណ៍ ដែលកំពុងដឹកនាំអនុវត្តការងារ បានឱ្យដឹងថា គំនរដីនិងកម្ទេចថ្មដែលគរនៅតាមជើងខឿនប្រាសាទលលៃនេះ គឺមានជាយូរឆ្នាំមកហើយ។ កម្ទេចដីនិងថ្មសំណង់កុដិចាស់របស់វត្តលលៃទាំងនេះ យើងបានយកទៅចាក់បំពេញផ្លូវចូលប្រាសាទពីខាងជើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលរស់នៅតាមភូមិក្បែរៗនោះ៕