(វ៉ារស្សាវ៉ា)៖ សហព័ន្ធបាល់ទាត់ប៉ូឡូញ (PZPN) បានចេញសេចក្តីប្រកាសពីការចែកផ្លូវជាមួយគ្រូបង្វឹក លោក Fernando Santos ជាផ្លូវការហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេធ្លាក់ដល់ចំណុចត្រដាបត្រដួសក្នុងការស្វែងរកកៅអីលេងពាន រង្វាន់អឺរ៉ុប UEFA Euro នៅប្រទេសអាល្លឺម៉ង់នាឆ្នាំក្រោយនេះ។

ការបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ក្រុមអាល់បានីនៃវគ្គជម្រុះ Euro 2024 បានធ្វើឲ្យពួកគេមានការលំបាក ក្នុងការស្វែងរកកៅអីជុំចុងក្រោយនៃចំណោម ២៤ក្រុម (ប្រទេស)។ នេះបើតាម PZPN និងត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក Snatos ដែលបានឈ្នះពានរង្វាន់ Euro 2016 ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នោះ បានទទួលតំណែងដឹកនាំក្រុមប៉ូឡូញ ចាប់តាំងពីខែមករាមក បន្តតំណែងពីលោក Czeslaw Michniewicz ដែលត្រូវបានបណ្តេញចេញពីតួនាទី បន្ទាប់ពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup របស់ប៉ូឡូញនៅប្រទេសកាតា ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមរងជើងឯកបារាំង។

ប៉ូឡូញ កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងការប្រកួតជម្រុះប្រចាំពូល E ដោយមាន ៦ពិន្ទុពី ៥ប្រកួត។ ពួកគេមានពិន្ទុតិចជាងក្រុមកំពូលតារាងអាល់បានីចំនួន ៤ពិន្ទុ និងតិចជាង ២ពិន្ទុពីក្រុមលេខ២ សាធារណរដ្ឋឆេក និងម៉ុលដូវ៉ា។

ប៉ូឡូញ នឹងធ្វើដំណើរទៅជួបក្រុមកោះហ្វារ៉ូ នៅខែតុលាចុងឆ្នាំនេះ បន្ទាប់មកនឹងធ្វើម្ចាស់ផ្ទះទទួលក្រុមម៉ុលដូវ៉ាវិញម្តង៕