(បរទេស)៖ ថ្មីៗនេះនិយតករប្រទេសបារាំងបានបញ្ជាឱ្យ Apple បញ្ឈប់ការលក់ iPhone 12 ជាបន្ទាន់ ក្រោយរកឃើញថាម៉ូដែលនេះបានរំលោភលើដែនកំណត់នៃការប៉ះពាល់និងកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ទីភ្នាក់ងារ National Frequency Agency (ANFR) របស់បារាំងបាននិយាយថា ម៉ូដែល iPhone 12 របស់ Apple នេះបានបញ្ចេញកម្រិតសាយភាយនៃរលកហ្រ្វេកង់ស៍វិទ្យុលើសពីអ្វីដែលអនុញ្ញាត នឹងតម្រូវឱ្យ Apple ត្រូវតែបញ្ឈប់ការដាក់លក់ជាបន្ទាន់។

តាមរយៈការធ្វើតេស្តពីភ្នាក់ងារ ANFR ទៅលើស្មាតហ្វូនចំនួន ១៤១គ្រឿងទាក់ទងនឹងរង្វាស់នៃការស្រូបយកថាមពលហ្រ្វេកង់ស៍វិទ្យុដោយរាងកាយមនុស្ស (SAR) ពីក្រុមហ៊ុននានារួមទាំងស្មាតហ្វូនរបស់ Apple នោះបានរកឃើញថា ម៉ូដែល iPhone 12 ដែលបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជាង ៣ឆ្នាំនេះបានផ្តល់ផលប៉ះពាល់ខ្ពស់ដល់អ្នកប្រើប្រាស់។ បញ្ហានោះគឺ iPhone 12 បានបញ្ចេញថាមពលលើសកម្រិតរហូតដល់ ៥.៧៤វ៉ាត់ក្នុងមួយគីឡូក្រាមនៅពេលដែលស្មាតហ្វូននេះត្រូវបានដាក់ក្នុងហោប៉ៅ ដែលជាស្តង់ដារសហភាពអឺរ៉ុបសម្រាប់រង្វាស់នៃអត្រាប្រេកង់វិទ្យុសកម្មគឺកំណត់ត្រឹមតែ ៤.០វ៉ាត់ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ ANFR បាននិយាយថា Apple ត្រូវតែអនុវត្ត «មធ្យោបាយដែលមានទាំងអស់» ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស បើពុំដូច្នោះទេនឹងតម្រូវឱ្យប្រមូល iPhone 12 ដែលបានដាក់លក់នៅអឺរ៉ុបយកមកវិញទាំងអស់។ ក្នុងនោះលោក Jean-Noel Barrot រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលប្រទេសបារាំងបានផ្តល់ជាអនុសាសន៍ថា លោកនឹងទុកពេលឱ្យ Apple ក្នុងរយៈពេល ២សប្តាហ៍ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ។

ជុំវិញករណីនេះ Apple បានធ្វើការជំទាស់ភ្លាមៗទៅនឹងការរកឃើញរបស់បារាំង ហើយអះអាងថា iPhone 12 គោរពតាមស្តង់ដារវិទ្យុសកម្ម។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើតេស្តដែលធ្វើឡើងដោយ ANFR មិនត្រូវបានអនុវត្តក្រោមលក្ខខណ្ឌប្រតិបត្តិការស្តង់ដារនោះទេ ហើយកម្រិត SAR របស់ iPhone 12 គឺស្ថិតនៅក្នុងដែនកំណត់ស្របច្បាប់។ ដូច្នេះពាក់ព័ន្ធនឹងបញ្ហានេះប្រភពមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេថាត្រូវបញ្ឈប់ការលក់តាមនិយតករបារាំង ឬយ៉ាងណានោះ៕