(បរទេស)៖ លោក Sean Penn ត្រូវបានគេដឹងថា ជាផលិតករដ៏ល្បីម្នាក់របស់អាមេរិក ដែលបានទៅដល់ទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន អំឡុងពេលយោធារុស្ស៉ី បើកការវាយប្រហារចូលអ៊ុយក្រែនដំបូងៗ ដើម្បីថតរឿងឯកសារ។ នាពេលថ្មីៗនេះ អំឡុងបទសម្ភាសន៍មួយ ផលិតកររូបនេះ ហាក់មិនអស់ចិត្ត និងបានរំឭករឿងរ៉ាវរបស់ Will Smith ទះកំផ្លៀង Chris Rock លើឆាកនៃកម្មវិធីអូស្ការ ព្រមទាំងរីករាយក្នុងការឈ្នះពានរង្វាន់ តារាសម្តែងល្អបំផុតនៅយប់នោះ សម្រាប់ការសម្តែងជាតួអង្គ ស្តេច Richard ខណៈរូបលោកផ្ទាល់យល់ថា សកម្មភាពនេះគួរតែជាប់ពន្ធនាគារ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយ Variey ផលិតករ Sean Pann វ័យ៦៣ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំមិនស្គាល់ Will Smith ទេ។ ខ្ញុំបានជួបគាត់ម្តង។ គាត់មើលទៅល្អណាស់ពេលខ្ញុំបានជួបគាត់។ គាត់ពិតជាល្អណាស់ នៅពេលសម្តែងតួអង្គ ស្តេច Richard»។ ភ្ជាប់ជាមួយសារនេះ លោក Pann ហាក់មិនពេញចិត្តនឹងការសម្រេច ដែលមិនឲ្យ Will Smith ជាប់ពន្ធនាគារ ត្បិតបើរំឭកពីសកម្មភាពដែលលោក Pann ធ្លាប់ធ្វើកន្លងមក គឺបានស្តោះទឹកមាត់ និងវាយអំឡុងថតរឿង បន្ថែមពីលើអ្វីដែលផលិតករដាក់ឲ្យ គឺបានធ្វើឲ្យលោកជាប់ពន្ធនាគារ៦០ថ្ងៃ ដែលហេតុការណ៍នេះ បានកើតឡើងកាលពី២៦ឆ្នាំមុន។

គួរជម្រាបថា ផលិតករ Penn ត្រូវបានគេដឹងថា បានទៅទីក្រុងកៀវ នៃប្រទេសអ៊ុយក្រែន អំឡុងពេលយោធារុស្ស៉ី បើកការវាយប្រហារចូលអ៊ុយក្រែនដំបូងៗ ដើម្បីថតរឿងឯកសារ។ ដោយលោកបានផ្តិតយកសកម្មភាពនានា ក្នុងប្រទេសអ៊ុយក្រែន និងសកម្មភាពរបស់ប្រធានាធិបតីអ៊ុយក្រែន ពេលកំពុងថ្លែងសារផងដែរ។ បន្ទាប់មកលោកបានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅប្រទេសប៉ូឡូញ យ៉ាងមានសុវត្ថិភាព។ ផលិតករអាមេរិកវ័យ៦៣ឆ្នាំ លោក Penn គឺជាម្ចាស់ពានរង្វាន់ Oscars ចំនួន២ដង សម្រាប់ភាពយន្តឯកសារដែលលោកផលិតរួមមាន «Havey Milk» និង «Mystic River» សម្រាប់ស្ទូឌីយោ Vice៕