(បរទេស)៖ អំឡុងពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រកាសចេញ iPhone 15 ជំនាន់ថ្មីចំនួន ៤ម៉ូដែលរបស់ខ្លួននៅក្នុងមហាព្រឹត្តិការណ៍ «Wonderlust» នៅយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី ១៣ ក្នុងសប្តាហ៍នេះបានទាក់ទាញអ្នកប្រើប្រាស់ប្រទេសចិនចូលទស្សនារហូតដល់ ៣៨០លាននាក់ឯណោះ (380M View) នៅលើបណ្តាញផ្សព្វផ្សាយសង្គម Weibo។ បន្ទាប់ពីបញ្ចប់ការផ្សាយបន្តផ្ទាល់មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិពេញចិត្តទៅនឹងបន្ទះឈីបថ្មីរបស់ iPhone 15 ស្របពេលដែល Hauwei Mate 60 Pro កំពុងតែលក់ដាច់ក្នុងទីផ្សារប្រទេចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ប្រធានបទវែកញែកទៅលើ iPhone 15 ថ្មីកំពុងតែពេញនិយមជាខ្លាំងនៅលើបណ្តាញផ្សព្វផ្សាយសង្គមចិន ដែលមានអ្នកចូលបញ្ចេញមតិរហូតដល់ទៅ ៨០ម៉ឺននាក់ដែលស្មើនឹង 800K Comment ឯណោះ។ ក្នុងចំនួននោះឃើញថា មានអ្នកបញ្ចេញមតិគាំទ្រជាខ្លាំងទៅលើបន្ទះឈីប A17 Pro Bionic 3nm ថ្មីដែលបំពាក់នៅលើ iPhone 15 Pro និង iPhone 15 Pro Max ដែលវាមានសមត្ថភាពលេចធ្លោអាចលេងហ្គេម «Resident Evil 4 Remake» បានក្នុងល្បឿនលឿនបានថែមទៀតផង។

ដូចដែលបានដឹងរួចមកហើយថា ប្រទេសចិនគឺជាទីផ្សារផលិតហ្គេមដ៏ធំបំផុតមួយរបស់ពិភពលោក នឹងជាកន្លែងដែលអ្នកប្រើប្រាស់ភាគច្រើនផ្តោតទៅលើឧបករណ៍ដែលមានសមត្ថភាពខ្ពស់ដើម្បីអាចលេងហ្គេមតាមតម្រូវការរបស់ពួកគេបាន។ ដូច្នេះការប្រកាសចេញ iPhone 15 ថ្មីរបស់ Apple ហាក់ដូចទៅទាក់ទាញអ្នកប្រើប្រាស់របស់ Huawei ស្ទើរតែទាំងស្រុង តែក្នុងចំនួនបញ្ចេញមតិនោះក៏មានអ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញមតិពេញចិត្តនឹង Huawei Mate 60 Pro ផងដែរ។

នេះគឺ ជាសង្គ្រាមបន្ទាប់រវាង Apple និង Huawei ក្នុងប្រទេសចិនហើយ ខណៈក្រុមហ៊ុនផលិតស្មាតហ្វូនចិនដ៏ធំនេះទើបតែអាចចាប់ផ្តើមដាក់លក់ស្មាតហ្វូនរបស់ខ្លួនជាថ្មីឡើងវិញបាន បន្ទាប់ពីប្រឈមមុខនឹងការត្រួតពិនិត្យពីនិយតករអស់រយៈពេលជាយូរ។

គួរជម្រាបដែរថា កាលពីសប្តាហ៍មុននេះ Apple ទើបតែខាតបង់ទឹកប្រាក់អស់ប្រមាណ ២០០ពាន់លានដុល្លារ បន្ទាប់ពីប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិកម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ៕