(អាមេរិក)៖ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards ឆ្នាំ២០២៣ តារាចម្រៀង Taylor Swift ត្រូវបានគេដឹងថា ប្រមូលបានពានរង្វាន់ច្រើនជាងគេ ក្នុងចំណោមតារាចម្រៀងកំពូលៗនៅហូលីវូដ ដូចជា Cardi B, Nicki Minaj និង Selena Gomez ប៉ុន្តែអ្វីដែលធ្វើឲ្យនាងហាក់មិនសប្បាយចិត្តនោះ គឺអំឡុងពេលដំណើរការកម្មវិធីនេះ ចិញ្ចៀនតម្លៃ១២០០០ដុល្លាររបស់នាង ស្រាប់តែបាក់ត្បូង និងធ្វើឲ្យអ្នកចូលរួមនាំគ្នាជួយស្វែងរកបំណែកត្បូង ផ្អើលឆោឡោពេញឆាកតតន្រ្តី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

គេមិនបានដឹងច្បាស់ទេថា មានអ្វីកើតឡើងពិតប្រាកដនោះទេ ប៉ុន្តែតាមរយៈវីដេអូបង្ហាញពីការសោកស្តាយរបស់ Taylor ដែលកំពុងកាន់គ្រោងចិញ្ចៀនដែលបាត់ត្បូង ខណៈមានពេជ្រដ៏ធំដែលបាត់ចេញ ពីផ្នែកកណ្តាលចិញ្ចៀន។ ប្រការនេះ បានធ្វើឲ្យភ្ញៀវជាច្រើន បុគ្គលិក VMA និង Taylor អាយុ៣៣ឆ្នាំខ្លួនឯង បាននាំគ្នាផ្អើលក្នុងការស្វែងរក ដោយសង្ឃឹមថា នឹងរកឃើញត្បូងនោះវិញ។

លទ្ធផលនៃការខិតខំប្រឹងប្រែងស្វែងរករបស់ពួកគេ នៅមិនទាន់ឃើញនៅឡើយទេ ហើយជាការសោកស្ដាយមួយសម្រាប់ Taylor ព្រោះតែនាងមិនបានពាក់ចិញ្ចៀននោះ ក្នុងថ្ងៃពិសេស។ តាមទស្សនាវដ្តី People បានឲ្យដឹងថាចិញ្ចៀននេះ គឺជាកាដូរពីហាងលក់គ្រឿងអលង្ការល្បីមួយ ប្រគល់ជូននាង ទើបធ្វើឲ្យនាងមិនសប្បាយចិត្តពេលមានការបាត់បង់។

គួរជម្រាបថា ក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅរាត្រីនោះ Taylor Swift បានក្លាយជាម្ចាស់ជយលាភីធំជាងគេ ដោយបានឈ្នះពានរង្វាន់សរុបចំនួន៤ រួមមានពានរង្វាន់ចម្រៀងប៉ុបឆ្នើម, ពានរង្វាន់ចម្រៀងប្រចាំឆ្នាំ, ពានរង្វាន់ការដឹកនាំវីដេអូចម្រៀងប្រចាំឆ្នាំសម្រាប់បទ «Anti Hero» (អេនធី ហ៊ើរ៉ូ) និងពានរង្វាន់ធំបំផុតប្រចាំកម្មវិធី គឺពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំ។ ក្រៅពីការប្រគល់ពានរង្វាន់ ក្នុងកម្មវិធីដែលមានតារាចម្រៀងរ៉េប Nicki Minaj ជាពិធីករនេះ ក៏មានការសម្ដែងពីតារាល្បីៗជាច្រើនផងដែរ៕