(បរទេស)៖ ថ្មីៗនេះ TrendForce ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈានមុខគេលើពិភពលោកបានព្យាករណ៍ថា ទីផ្សារស្មាតហ្វូនអេក្រង់នឹងឈានដល់តម្រូវការ ៥ភាគរយនៃទីផ្សារស្មាតហ្វូនពិភពលោកនៅឆ្នាំ២០២៧។ នេះនឹងតំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ពីចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់ដែលបានប៉ានស្មានត្រឹម ១.៦ភាគរយក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានបង្ហាញថា TrendForce មានការរំពឹងទុកខ្ពស់ទៅលើការនាំចេញស្មាតហ្វូនអេក្រង់បត់សរុបក្នុងឆ្នាំ២០២៣ នេះនឹងឈានដល់ ១៨.៣លានគ្រឿង ដែលជាចំណែកទីផ្សារ ១.៦ភាគរយ។ ប៉ុន្តែនៅរយៈពេល ៥ឆ្នាំខាងមុខ ពោលគឺឆ្នាំ២០២៧ ចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់នេះនឹងកើនឡើងដល់ ៧០លានគ្រឿង ឬ ៥ភាគរយនៃចំណែកទីផ្សារស្មាតហ្វូនពិភពលោកឯណោះ។

ហេតុផលចម្បងដែលអ្នកវិភាគមានការរំពឹងទុកខ្ពស់បែបនេះគឺដោយសារតែរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ តម្លៃនៃសមាសធាតុផលិតស្មាតហ្វូនមួយចំនួននឹងមានតម្លៃទាបជាពិសេសបន្ទះអេក្រង់ និងតួរខ្លួនស្មាតហ្វូន ហើយវានឹងនាំឱ្យតម្លៃនៃការដាក់លក់ស្មាតហ្វូនអេក្រង់បត់មានការធ្លាក់ចុះផងដែរ ដែលវាអាចនឹងធ្លាក់តម្លៃមកនៅក្រោម ១,០០០ដុល្លារ ខណៈបច្ចុប្បន្ននេះគឺមានតម្លៃខ្ពស់។

យោងតាមរបាយការណ៍ពី TrendForce ដដែលបានអះអាងថា ក្រុមហ៊ុន Samsung នឹងនៅតែជាអ្នកលេងឈានមុខគេនៅក្នុងទីផ្សារស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំ ២០២៣ ជាមួយនឹងចំណែកទីផ្សារ ៦៣ភាគរយជាមួយនឹងចំនួននាំចេញ ១២.៥លានគ្រឿងតែម្នាក់ឯង។ រីឯក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងទទួលបាននូវការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣ នេះជាមួយនឹងចំណែកទីផ្សារ ២០ភាគរយ ។ ខណៈដែលអ្នកលេងសំខាន់ៗផ្សេងទៀតនៅក្នុងទីផ្សាររួមមាន Oppo, Xiaomi និង Vivo និងឈរនៅលេខរៀងបន្តបន្ទាប់នៃទីផ្សារស្មាតហ្វូនអេក្រង់បត់៕