(ដូហា)៖ ខ្សែបម្រើ Marco Verratti បានក្លាយជាកីឡាករលំដាប់កំពូលនៅអឺរ៉ុបទី២ ដែលបានផ្លាស់ទៅចូលរួមក្នុងលីគកំពូលនៃប្រទេសកាតា បន្ទាប់ពីការទៅដល់របស់ Philippe Coutinho នាថ្ងៃសុក្រសប្តាហ៍មុន។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា កីឡាករអន្តរជាតិអ៉ីតាលីខាងលើនេះ ត្រូវបានក្លិបបារាំង Paris Saint-Germain លក់ទៅឲ្យ Al-Arabi ដែលត្រូវបានគេរាយការណ៍ថា មានតម្លៃខ្លួនប្រមាណ ៣៨.៧លានផោន ដោយពុំបានបង្ហើបពីកិច្ចសន្យានោះទេ។

នៅទីនោះដែរ Verratti វ័យ ៣០ឆ្នាំ នឹងបានបន្តលេងរួមគ្នាជាមួយអតីតមិត្តរួមក្រុមចាស់នៅ PSG គឺ Rafinha រួមទាំងបងប្អូនភ្លោះត្រកូល Thiago អតីតខ្សែបម្រើប្រយុទ្ធ Liverpool និងធ្លាប់លេងឲ្យក្រុមជើងឯកបារាំងនាអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ថែមទៀតផង ខុសពីកីឡាករនៅអឺរ៉ុបដទៃទៀត ដែលភាគច្រើនបានផ្លាស់ទៅលេងនៅលីគកំពូល Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត មានដូចជាអតីតមិត្តរួមក្រុម Neymar ផ្លាស់ទៅលេងឲ្យ Al-Hilal នាខែសីហា ឆ្នាំ២០២៣ ក្រោមតម្លៃខ្លួន ៧៧.៦លានផោន។

កន្លងមកថ្មីៗនេះដែរ Verratti ក៏ត្រូវបានក្លិបជាច្រើនមកពី Pro League តាមចែចូវដែរ ក៏ប៉ុន្តែគ្មានក្លិបណាមួយសម្រេចកិច្ចសន្យាជាមួយរូបគេឡើយ នៅមុនពេលបិទទីផ្សារដោះដូរកីឡាករថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

Verratti បានឈ្នះពាន Ligue 1 ចំនួន ៩លើកជាមួយ PSG ក្រោយចូលរួមលេងនៅ Parc des Princes តាំងពីឆ្នាំ២០១២ មក ក្នុងនាមជាសមាជិក ១រូបដែលបានជួយអាសូរីអ៉ីតាលី ដណ្តើមបានពានជើងឯកអឺរ៉ុប UEFA Euro នៅឆ្នាំ២០២០ ដែរ៕