(ប៉េកាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិចិន បានរងការស្រែករិះគន់ និងសម្តែងការមិនពេញចិត្តជាខ្លាំង ពីសំណាក់អ្នកគាំទ្រ ដែលទាមទារឲ្យសងប្រាក់ថ្លៃសំបុត្រមកវិញផងដែរ បន្ទាប់ពីការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរបស់ពួកគេ បានចាញ់ក្រុមស៊ីរី ១-០ នៅរាត្រីថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះថា ចិនបានឈ្នះត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយការប្រកួតទាំងអស់នោះបានប៉ះក្រុមដែលមានចំណាត់ថ្នាក់លើសពី ៩០ របស់ពិភពលោកទៀតផង។

តាមរយៈលទ្ធផលដ៏អាក្រក់នេះដែរ អ្នកចូលរួមទស្សនាផ្ទាល់ដែលមានត្រឹមតែ ១២,៣៦៧នាក់ប៉ុណ្ណោះ ចំពោះការប្រកួតនាថ្ងៃអង្គារ នៅទីក្រុង Chengdu បើទោះបីជាកីឡដ្ឋានមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់ទៅ ៦ម៉ឹននាក់ក៏ដោយ។

ចិន ដែលស្ថិតនៅចំណាត់ថ្នាក់ទី៨០ ក្នុងតារាង FIFA World Rangking ហើយបានបង្ហាញខ្លួនតែ ១លើកគត់របស់ពួកគេនៅព្រឹត្តិការណ៍ World Cup ផ្នែកបុរសកាលឆ្នាំ២០០២ បើទោះបីជាចិន ជាប្រទេសដែលមានអត្រាប្រជាជន ច្រើនជាងគេបំផុតលំដាប់ទី២ លើពិភពលោកក៏ដោយ។

សូមរំលឹកផងថា ប្រធានាធិបតីចិន Xi Jinping ធ្លាប់បានលើកឡើងថា លោកចង់ឲ្យចិន ក្លាយជាប្រទេសមហាអំណាចផ្នែកបាល់ទាត់ និងចង់ធ្វើម្ចាស់ផ្ទះ និងឈ្នះពានរង្វាន់ World Cup នៅមុនឆ្នាំ២០៥០៕