(នីយ៉ុង)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បានធ្វើការវាយតម្លៃនៃរយៈពេលដឹកនាំរបស់គ្រូបង្វឹកនានានៅលីគកំពូលអឺរ៉ុប ជាមធ្យមគឺមានរយៈពេលតិចជាង ១៦ខែ សម្រាប់រដូវកាលមុន។

យោងតាមរបាយការណ៍ដែលចេញដោយសហព័ន្ធខាងលើ ដោយត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា មានអ្នកចាត់ការទូទៅសរុបដល់ទៅ ៧៣៥នាក់ ត្រូវបានបញ្ចប់តំណែងនៅទូទាំងលីគកំពូលប្រចាំតំបន់អឺរ៉ុបនារដូវកាលឆ្នាំ២០២២-២០២៣ ដែលជាស្ថិតិខ្ពស់បំផុតមួយឈរនៅលំដាប់ទី២ នៅពេល Premier League ដែលជាលីគកំពូលរបស់អង់គ្លេស បានដកតំណែងគ្រូបង្វឹកមានដល់ទៅ ១៥នាក់ ក្នុងចំណោម ២០ក្លិប។

បើយោងតាមរបាយការណ៍របស់ UEFA ដដែលបានបញ្ជាក់ថា នេះវាមានចំនួនតិចជាង ៥%ទៅទៀត ក្នុងចំណោមគ្រូបង្វឹកសរុបចំនួន ១២០៩នាក់នៅទូទាំងទ្វីបមួយនេះ ដែលអាចកាន់តួនាទីលើសពី ៥ឆ្នាំ។

យ៉ាងនេះក្តី មានតែ ៦ប្រទេសប៉ុណ្ណោះនៅអឺរ៉ុបមានដូចជា លីគកំពូលវ៉េល អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ដែលគ្រូបង្វឹកអាចកាន់តួនាទីធំនេះបានយ៉ាងហោចណាស់ ក៏រយៈពេល ២ឆ្នាំផងដែរ បើគិតជាមធ្យមភាគ៕