(ភ្នំពេញ)៖ អ្នកនិពន្ធ និងដឹកនាំសម្ដែងលោក ស៊ុំ ភារិន បានបញ្ចេញស្នាដៃថ្មីរបស់ខ្លួនមួយទៀតហើយ នៅលើទីផ្សារភាពយន្តរបស់កម្ពុជា មានចំណងជើងថា «បុរសសាច់កម្ម» ដែលជាភាពយន្តបែបកំប្លុកកំប្លែង ស្នេហាយុវវ័យ និងសើចសប្បាយតាំងពីដើមរហូតដល់ចប់។ ការបញ្ចេញស្នាដៃថ្មីនេះ ត្រូវបានផលិតករអះអាងថា នឹងធ្វើឲ្យមហាជន និងអ្នកគាំទ្រដែលចូលចិត្តទស្សនាខ្សែភាពយន្តខ្មែរ ទទួលបាននូវអារម្មណ៍ប្លែក និងសើចសប្បាយបាត់អស់រាល់ទុក្ខកង្វល់។

ថ្លែងនៅក្នុងពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការ អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងលោក ស៊ុំ ភារិន បានបញ្ជាក់ឲ្យដឹងថា នេះជាស្នាដៃថ្មីប្លែកមួយទៀត ពីផលិតកម្ម «BADEHA» ដែលមានរូបលោកជាចាងហ្វាងផ្ទាល់។ លោកជឿថា ខ្សែភាពយន្ដបែបស្នេហាយុវវ័យ បង្កប់ដោយឈុតកំប្លុកកំប្លែងនេះ នឹងក្លាយជាចំណីអារម្មណ៍របស់ទស្សនិកជនថ្មីមួយទៀត មុននឹងផ្ដល់ជូននូវរឿងល្អៗមើល សម្រាប់លើកក្រោយៗទៀត។

លោកបន្តថា កន្លងមក បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ បានស្រាកស្រានធូរស្បើយទៅវិញ នៅក្នុងរោងភាពយន្ត លោកមើលឃើញមានតែរឿងបែបខ្មោចព្រាយបិសាច បែបរន្ធត់ សម្ពោធដាក់បញ្ចាំងជូនមហាជនទស្សនា ជាហូរហែ ប៉ុន្តែពេលនេះលោកសូមបញ្ចេញស្នាដៃរឿងបែបស្នេហាយុវវ័យ និងជាប្រភេទរឿងបែបកំប្លុកកំប្លែង សើចក្អាកក្អាយសប្បាយវិញម្ដង ហើយលោកសង្ឃឹមថា នឹងក្លាយជាចំណីចក្ខុថ្មីប្លែកជូនដល់អ្នកទស្សនា ជាពិសេសនឹងទទួលបានអារម្មណ៍ស្រស់ថ្លា ពេលបានទស្សនាភាពយន្តនេះ។

សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការនោះ គេសង្កេតឃើញវត្ដមានផលិតករ តារា Tik tok និងតារាសម្ដែងល្បីៗជាច្រើនរូបដូចជា លោក ស៊ុំ ភារិន ម្ចាស់ផលិតកម្ម, តារាកំប្លែងមុខស្ងួតលោក ងួន សុបិន, ពូណុយ និងនាយធុងប៉េត្រូជាដើម។ បន្ទាប់ពីបញ្ចប់ការសម្ពោធដាក់បញ្ចាំង ផលិតកម្មក៏បានអញ្ជើញភ្ញៀវដែលជាតារាល្បីៗ ចូលទស្សនាខ្សែភាពយន្ដនេះយ៉ាងច្រើនកុះករ នៅរោងភាពយន្ដឡេជិន ផ្សារទំនើប អ៊ីឌិនហ្គាឌិន បឹងកក់។

ខ្សែភាពយន្ដរឿង «បុរសសាច់កម្ម» ដែលជាស្នាដៃរបស់លោក ស៊ុំ ភារិន បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ទស្សនិកជន អាចចាប់ផ្ដើមចូលទស្សនាចាប់ពីថ្ងៃទី១៤ ខែកញ្ញានេះតទៅ ក្រោយធ្វើពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការនេះ បានបញ្ចប់រួចរាល់៕