(បារាំង)៖ ពិតជាគួរឲ្យសរសើរ និងជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ខណៈដែលតារាបង្ហាញម៉ូដមួយរូបឈ្មោះថា អេឡិច យូ (Alex You) ទទួលបានឱកាសពិសេសចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោក «Dior fashion brand» នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្នុងនោះតារាបង្ហាញម៉ូដរបស់កម្ពុជា បាននាំយកនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ មានដូចជា ហូល ផាមួង ដែលកាត់ដេរ និងច្នៃដោយស្នាដៃកូនខ្មែរផ្ទាល់ បង្ហាញដល់ឆាកអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់។

តំណាងតារាម៉ូដែលរបស់កម្ពុជា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា បន្ទាប់ពីមានឱកាសបានបង្ហាញខ្លួន នៅក្នុងកម្មវិធីលំដាប់ពិភពលោក «Dior fashion brand» រួចមកលោក អេឡិច យូ ដែលមហាជនស្គាល់ថា ជាអតីតកីឡាករបាល់ទាត់ និងជាអ្នកចាំទីក្រុមភ្នំពេញក្រោន, បឹងកេត និងស្វាយរៀង បានសម្រេចចិត្តជ្រើសរើសយកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានដូចជាហូលផាមួងរបស់ខ្មែរ ដើម្បីបង្ហាញនៅក្នុងព្រឹត្តិការណ៍នោះ ដែលជាការបំពេញក្ដីស្រមៃរបស់លោក ក្នុងនាមជាតារាបង្ហាញម៉ូដ ដែលមានសញ្ជាតិខ្មែរ-បារាំង។

ដោយឡែកលោក អេឡិច យូ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន តាមរយៈបណ្ដាញសង្គមផ្លូវការឲ្យដឹងថា «យប់មិញខ្ញុំបានបំពេញក្តីស្រមៃ ដែលមានកិត្តិយស ត្រូវបានអញ្ជើញចូលរួមកម្មវិធី Dior fashion brand លំដាប់ពិភពលោក អ្វីដែលអស្ចារ្យសម្រាប់ខ្ញុំ គឺខ្ញុំបានយកប្រពៃណីខ្មែរ សម្លៀកបំពាក់ដ៏អស្ចារ្យរបស់ខ្មែរ ទៅបង្ហាញឲ្យពិភពលោកស្គាល់ផងដែរ»

លោកបន្តថា «ខ្ញុំបាទពិតជាមានកិត្តិយសដែលបាន Brand លំដាប់ពិភពលោក Dior អញ្ជើញជាភ្ញៀវកិត្តិយស Vip ចូលរួមកម្មធវិធី Private party មួយនៅទីក្រុងប៉ារីស ហើយអ្វីដែលពិសេស និងមានមោទនភាព ទៅទៀតនោះ គឺបានស្លៀកសម្លៀកបំពាក់សូត្រខ្មែរ ដែលកាត់ដេរដោយស្នាដៃកូនខ្មែរផងដែរ..!»

លោក អេឡិច យូ (Alex You) ត្រូវបានគេដឹងថា លោកបានវិវឌ្ឍន៍ខ្លួនពីកីឡាករអ្នកចាំទី ទៅជាតារាសម្ដែង តារាបង្ហាញម៉ូដផលិតផលនានា ដោយទទួលបានការគាំទ្រ និងស្រឡាញ់ចូលចិត្តពីមហាជន។ ជាពិសេសនោះ លោកក៏មានឱកាសទទួលបានសញ្ជាតិបារាំង ក្លាយជាពលរដ្ឋខ្មែរ-បារាំង ដែលធ្វើឲ្យលោកមានកិត្តិយស ទទួលបានការអញ្ជើញឲ្យចូលរួម ក្នុងព្រឹត្តិការណ៍អន្តរជាតិនានា ជាពិសេសគឺកម្មវិធីដែលប្រារព្ធធ្វើឡើង នៅក្នុងប្រទេសបារាំង។

តារាម៉ូដែលរូបនេះ ក៏មិនភ្លេចនៅក្នុងការពាំនាំនូវសម្បត្តិវប្បធម៌ អរីយធម៌ សិល្បៈប្រពៃណីខ្មែរ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ រាល់ពេលដែលលោកបានចូលរួម ក្នុងព្រឹត្តិការណ៍អន្តរជាតិម្ដងៗ៕