(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាមួយស្តីពីតួនាទីអ្នកគ្រប់គ្រងប្រាសាទ ជូនដល់ប្រធាន និងអនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពការងារពួកគេឱ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាបរិវេណនាយកដ្ឋានសណ្តាប់ធ្នាប់ ដោយមានសិក្ខាមចូលរួមចំនួន៥០នាក់។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នេះជាលើកទីពីរហើយដែលអាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាស្តីពីតួនាទីអ្នកគ្រប់គ្រងប្រាសាទនេះឡើង។ ដោយយល់ថាពិតជាសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់អ្នកគ្រប់គ្រងប្រាសាទ ដោយធ្វើយ៉ាងណាធានាឱ្យបាននូវកិច្ចការពារ ការងារអភិរក្ស ការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិ ដោយសហការជាមួយដៃគូនានា ដូចជា៖ អាជ្ញាធរខេត្ត ស្ថាប័នជាតិ ស្ថាប័នអន្តរជាតិ អង្គការជាតិ និងអន្តរជាតិនានា ដែលមានគោលដៅរួម ជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អាជ្ញាធរជាតិអប្សរាមានក្តីរំពឹងថា សិក្ខាកាមដែលបានចូលរួមនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីចាត់ចែងការងារប្រចាំថ្ងៃ រួមទាំងការងារ គ្រប់គ្រងមន្រ្តី-បុគ្គលិក ក្រោមឱវាទរបស់ខ្លួនកាន់តែប្រសិទ្ធភាពខ្ពស់ ជាពិសេសសិក្ខាកាមដែលត្រូវបានជ្រើសរើសជាអ្នកគ្រប់គ្រងបាសាទ បានយល់ជ្រួតជ្រាបលើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងៗទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕