(បរទេស)៖ តារាសម្តែងហុងកុងល្បីឈ្មោះលោក Jackie Chan ដែលទស្សនិកជនខ្មែរហៅថា ឈិន ឡុង នោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានពញ្ញាក់អារម្មណ៍គ្រប់គ្នា ពេលបង្ហាញខ្លួនក្នុងការប្រគំតន្ត្រីរបស់ Jay Chou កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកចូលរួមក្នុងការប្រគំតន្ត្រី នាពេលថ្មីៗនេះរបស់ Jay Chou នៅពហុកីឡដ្ឋាន Tianjin Olympic Center ប្រាកដជាទទួលបានអារម្មណ៍ជក់ចិត្តមិនស្ទើរទេ បន្ទាប់ពីឃើញវត្តមានលោក ឈិន ឡុង។ កាលពីថ្ងៃសៅរ៍ (៩ កញ្ញា) លោក Chou កំពុងតែសម្តែងបទចម្រៀងដ៏ល្បីរបស់លោក Far Away ពេលនោះ ស្រាប់តែលេចវត្តមានតារាសម្ដែងជើងចាស់ ឈិន ឡុង បានបង្ហាញខ្លួននៅលើឆាក ដោយបានចូលរួមជាមួយលោក Chou ក្នុងការបញ្ចប់បទចម្រៀង ខណៈដែលមនុស្សគ្រប់គ្នាទះដៃអបអរសាទរ យ៉ាងទ្រហឹងអឹងកង។

បន្ទាប់ពីសម្តែង ឈិន ឡុង បានថ្លែងអំណរគុណដល់អ្នកចូលរួមប្រគំតន្ត្រី ដែលបានគាំទ្រទាំងលោក និង Chou ក្នុងអាជីពរៀងៗខ្លួន មុនពេលចាកចេញពីឆាក។ នេះមិនមែនជាការបង្ហាញខ្លួនលើកដំបូងរបស់ Jackie Chan នៅឯការប្រគំតន្ត្រី Jay Chou នោះទេ។ ក្នុងឆ្នាំ ២០១៤ លោកបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនៅឯ Asia World-Expo ទីក្រុងហុងកុង ហើយបានច្រៀងបទ «Understanding My Heart» ទៅកាន់ក្រុមមនុស្សដូចពេលនេះអ៉ីចឹងដែរ។

គួរជម្រាបថា ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោក Carnival របស់ Jay Chou បានចាប់ផ្តើមតាំងពីឆ្នាំ ២០១៩ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅពេលណាមួយនៅឆ្នាំ២០២៤។ កន្លែងដែលនឹងបញ្ចប់ការប្រគំតន្ត្រីនេះ គឺរួមមានទីក្រុងបាងកក ទីក្រុងឡុងដ៍ មែលប៊ន និងយូកូហាម៉ា៕