(ភ្នំពេញ)៖ តារាប្រុសវ័យក្មេង វណ្ណថៃ កាន់តែទទួលការគាំទ្រ និងមានប្រជាប្រិយភាពជាខ្លាំង ក្រោយទទួលបានការងារសម្តែងជាតួ BL (ប្រុសស្រឡាញ់ប្រុស) នៅក្នុងរឿងភាគរបស់ផលិតកម្មសាស្ត្រា កន្លងទៅនេះ។

ការតស៊ូនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ វណ្ណថៃ បានផ្លាស់ប្តូរជោគវាសនារបស់ខ្លួនក្លាយជាបុគ្គលមហាជនត្រឹមតែមួយប៉ប្រិចភ្នែក ដោយសារតែទេពកោសល្យសិល្បៈតាំងពីកំណើត និងការប្តេជ្ញាចិត្តមិនបោះបង់ចោល ទោះបីជាកាលៈទេសៈណាក៏ដោយ។

ថ្លែងប្រាប់ Fresh News Plus វណ្ណថៃ បានឲ្យដឹងថា នៅពីក្រោយនៃភាពជោគជ័យរបស់លោក គឺជាមេរៀនជីវិតមួយដែលឆ្លុះបញ្ជាំងនូវការពុះពាររាល់ឧបសគ្គ ការក្រោកឈរ មិនចុះចាញ់ ត្រូវចិត្តធ្ងន់ ទទួលយកមតិរិះគន់ដើម្បីស្ថាបនា លះបង់ភាពអៀនខ្មាស់ ដើម្បីឈោងចាប់ក្តីស្រមៃរបស់យើង។

តួយ៉ាងក្រៅពីការងារជាតារាសម្តែងហើយនោះ លោក វណ្ណថៃ ក៏ទទួលបានការងារថតស្បតពាណិជ្ជកម្ម និងធ្វើជាតារាម៉ូដែលថតឲ្យហាងល្បីឈ្មោះ ទោះបីទើបនឹងល្បីក្តី តែទទួលបានការគាំទ្រមិនធម្មតាឡើយ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ វណ្ណថៃ ត្រូវបានក្រុមហ៊ុន Justeen Miracle ចុះកុងត្រាជាមួយ វណ្ណថៃ ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងផ្សព្វផ្សាយផលិតផល ដែលកំពុងល្បីឈ្មោះនៅស្រុកខ្មែរថែមទៀតផង។

សូមរំឭកថា វណ្ណថៃ ឈ្មោះពិតថា ឌី វណ្ណថៃ ហើយមិនត្រឹមតែជាតារាសម្តែងល្បីមួយរូបនោះទេ លោកវណ្ណថៃ ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍ តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើនផងដែរ៕