(បរទេស)៖ នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Apple នៅឆ្នាំនេះបានធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ខ្លួនចំនួន ៤ម៉ូដែលរួមមាន iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max ដែលបានបំពាក់មកជាមួយនឹងរន្ឋសាកថ្ម USB-C ជាលើកដំបូងទាំង ៤ម៉ូដែល។ លើសពីនេះទៅទៀត Apple ក៏បានធ្វើការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួនដូចជា បន្ទះឈីប សេនស័រកាមេរ៉ា រួមទាំងការឌីហ្សាញរូបរាង អេក្រង់ និងមុខងារថ្មីៗផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ខាងក្រោមនេះគឺ ជាអ្វីដែល iPhone 15 ទាំង ៤ម៉ូដែលទទួលបានរួមមាន៖
• បន្ទះឈីប

សម្រាប់ម៉ូដែល iPhone 15 និង iPhone 15 Plus នៅឆ្នាំនេះនឹងនៅតែប្រើបន្ទះឈីប A 16 Bionic ដែលប្រើនៅលើ iPhone 14/ Plus ចាស់ដដែល ដោយសារតែ Apple មានបំណងធ្វើឱ្យស្មាតហ្វូនទាំង ២ម៉ូដែលនេះមានសមត្ថភាពខុសគ្នា រវាងម៉ូដែល Pro និងមិនមែន Pro របស់គេ។ ចំណែកឯ iPhone 15 Pro និង iPhone 15 Pro Max ត្រូវបានផ្លាស់ប្តូរទៅប្រើបន្ទះឈីប A17 Pro Bionic ជំនាន់ចុងក្រោយបង្អស់។

Apple បានធ្វើការអះអាងថា វាជាបន្ទះឈីបឧស្សាហកម្មដំបូងគេដែលត្រូវបានបង្កើតឡើងនៅលើដំណើរការ 3nmជាលើកដំបូង។ ហើយដំណើរការខាងក្នុងរបស់បន្ទះឈីបនេះគឺជាប្រព័ន្ធដំណើរការ 6-core ដែលមានកម្លាំងខ្លាំងជាង A16 Bionic ប្រហែល ១០ភាគរយផ្នែក CPU និង ២០ភាគរយផ្នែក GPU និងគាំទ្រជាមួយនឹងបច្ចេកវិទ្យា Ray-Tracing ដែលមានល្បឿនកាន់តែលឿនជាងមុន។

• អេក្រង់
បើធៀបទៅនឹងម៉ូដែលមុនៗកោះ Dynamic Island មានតែនៅលើម៉ូដែ Pro និង Pro Max ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ត្រកូល iPhone 15 ឆ្នាំនេះវិញគ្រប់ម៉ូដែលទាំងអស់ទាំង iPhone 15/ Plus និង iPhone 15 Pro/ Pro Max គឺសុទ្ធតែត្រូវបានបំពាក់ដោយកោះ Dynamic Island។ ដោយឡែកចំពោះទំហំអេក្រង់វិញ iPhone 15 មានទំហំ ៦.១អ៊ីញ Refresh rate 60Hz, iPhone 15 Plus មានទំហំ ៦.៧អ៊ីញ Refresh rate 60Hz, iPhone 15 Pro មានទំហំ ៦.១អ៊ីញ Refresh rate 120Hz និងម៉ូដែល iPhone 15 Pro Max មានទំហំ ៦.៧អ៊ីញ Refresh rate 120Hz។ លើសពីនេះទៅទៀតទាំង iPhone 15/ Plus និង iPhone 15 Pro/ Pro Max ទទួលបានមុខងារបន្ថែមទៀតដែលមានកម្រិតពន្លឺឡើងដល់ 2,000nits ឯណោះដែលវាមានពន្លឺភ្លឺខ្លាំងជាងបើធៀបនឹងជំនាន់ iPhone 14។

• សេនស័រកាមេរ៉ា

សម្រាប់ iPhone 15 និង iPhone 15 Plus ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយចំនួន ២គ្រាប់រួមមានកាមេរ៉ាគោលទំហំ ៤៨មេហ្គាភិចស៊ែ និងមួយទៀតជាប្រភេទលេនទូលាយ Ultra-Wide ចំណែកឯកាមេរ៉ាខាងមុខ Apple មិនមានបង្ហើបថាមានប៉ុន្មានមេហ្គាភិចស៊ែនោះទេ។ យ៉ាងណាមិញសម្រាប់ iPhone 15 Pro នឹងត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយចំនួន ៣គ្រាប់រួមមានកាមេរ៉ាគោលទំហំ ៤៨មេហ្គាភិចស៊ែ កម្រិតរូបភាព ៤៨មេហ្គាភិចស៊ែ ជាមួយលេនទូលាយ Ultra-Wide និងលេនពង្រីក Telephoto 3x Optical Zoom ។ ចំណែក iPhone 15 Pro Max វិញនឹងត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយចំនួន ៣គ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ ៤៨មេហ្គាភិចស៊ែ ជាមួយលេនទូលាយ Ultra-Wide និងលេនពង្រីក Telephoto រហូតដល់ 5x Optical Zoom ឯណោះ។

ដោយឡែកចំពោះ iPhone 15 Pro និង iPhone 15 Pro Max ទាំងពីរម៉ូដែលនេះកាន់តែពិសេសជាងមុនដោយមានការបន្ថែមនូវមុខងារមួយថ្មីបន្ថែមទៀតជាលើកដំបូងមានឈ្មោះថា «Next-generation protraits» ដែលមានសមត្ថភាពផ្តិតយករូបភាពព្រិលផ្ទៃខាងក្រោយកាន់តែច្បាស់ជាងមុន ពណ៌រស់រវើក និងកម្រិតគុណភាពពន្លឺកាន់តែប្រសើរជាងមុន។

• ឌីហ្សាញរូបរាង និង ទំហំផ្ទុក
ដូចទៅនឹងពាក្យចចាមអារ៉ាមកន្លងមកពិតមែនសម្រាប់ iPhone 15 Pro និង iPhone 15 Pro Max ត្រូវបានផ្លាស់ប្តូរតួរខ្លួនដែលអ៊ីណុក (Stainless Steel) មកប្រើតួរថ្មីប្រភេទទីតាញ៉ូម (Titanium) ជាលើកដំបូងដែលមានលក្ខណៈស្រាល និងកាន់តែរឹងមាំជាងមុន។ ដែលមានជម្រើសពណ៌ទឹកប្រាក់ ពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ខៀវ។ ដោយឡែកសម្រាប់ iPhone 15 និង iPhone 15 Plus វិញគឺនៅតែប្រើតួដែកអ៊ីណុកដដែល។ យោងតាមការប្រកាសរបស់ Apple នៅយប់មិញនេះសម្រាប់ iPhone 15/ Plus និងមានទំហំផ្ទុក Storage ១២៨ជីហ្គាបៃ ២៥៦ជីហ្គាបៃ និង ៥១២ជីហ្គាបៃ។ ចំណែកឯ iPhone 15 Pro/ Pro Max និងមានទំហំផ្ទុក Storage ២៥៦ជីហ្គាបៃ ៥១២ជីហ្គាបៃ និងរហូតដល់ ១តេហ្គាបៃសម្រាប់ទាំងពីរម៉ូដែលនេះ។

• តម្លៃ
យ៉ាងណាមិញចំពោះតម្លៃផ្លូវការរបស់ iPhone 15 ក៏ត្រូវបាន Apple លាតត្រដាងផងដែលសម្រាប់ iPhone 15 នឹងមានតម្លៃចាប់ពី ៧៩៩ដុល្លារឡើងទៅ iPhone 15 Plus នឹងមានតម្លៃចាប់ពី ៨៩៩ដុល្លារឡើងទៅ ចំណែក iPhone 15 Pro នឹងមានតម្លៃចាប់ពី ៩៩៩ដុល្លារឡើងទៅ និង iPhone 15 Pro Max នឹងមានតម្លៃចាប់ពី ១,១៩៩ដុល្លារឡើងទៅ។ ខណៈតម្លៃចេញផ្សាយនេះគឺសម្រាប់ទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ចំពោះទីផ្សារកម្ពុជាយើងនៅមិនទាន់ទទួលបានតម្លៃផ្លូវការនៅឡើយនោះទេ។

គួរជម្រាបដែរថា កំពូលស្មាតហ្វូនទាំង ៤ម៉ូដែលនេះគឺសុទ្ធតែត្រូវបានបំពាក់ដោយរន្ធសាក USB-C ប៉ុន្តែចំពោះ iPhone 15/ Plus ទទួលបាន USB 2.0 ដែលមានល្បឿនផ្ទេរទិន្នន័យដូចទៅនឹងខ្សែ Lightning ដដែល ខណៈដែល iPhone 15 Pro/ Pro Max ទទួលបាន USB 3.0 ដែលមានសមត្ថភាពកាន់តែលឿនជាងមុន៕