(ម៉ាទ្រីដ)៖ អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales នឹងទៅផ្តល់សក្ខីកម្មចំពោះមុខតុលាការកំពូល ក្នុងទីក្រុង Madrid នាថ្ងៃសុក្រនេះសប្តាហ៍នេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ការថើប ដោយមិនបានស្នើសុំលើបបូរមាត់ សមាជិកម្ចាស់ពានរង្វាន់ Women’s World Cup កីឡាការិនី Jenni Hermoso។ នេះបើតាមការឲ្យដឹងពីតុលាការ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

រំលឹកផងថា ហេតុការណ៍ថើបនេះ បានកើតឡើងនៅក្នុងពិធីប្រគល់ពានរង្វាន់ បន្ទាប់ពីក្រុមស្ត្រីអេស្ប៉ាញ បានឈ្នះពានរង្វាន់ Women’s World Cup 2023 នៅទីក្រុង Sydney ប្រទេសអូស្ត្រាលី កាលពីខែមុន បានធ្វើឲ្យមានការខឹងសម្បារប្រឆាំងនឹងការបំពាននេះ ដែលផ្តោតទៅនិងអាកប្បកិរិយាមិនសមរម្យ នៅក្នុងប្រទេសអេស្ប៉ាញ។

លោក Rubiales បានច្រានចោលនូវការទាមទារ ពីសំណាក់កីឡាការិនី, ខណៈស្ថាប័នកីឡា និងអ្នកនយោបាយជាច្រើន ស្នើឲ្យមានការលាលែងពីតំណែង ជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដោយលោកបានអះអាថា មិនបានធ្វើអ្វីខុសនោះទេ ហើយថាការថើបនេះ ក៏មានការព្រមព្រៀងគ្នាទៅវិញទៅមក។

យ៉ាងណាក្តីលោក Luis Rubiales បានលាលែងពីតំណែងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាះ ជាមួយនិងតំណែងអនុប្រធានគណៈកម្មាធិការវប្រតិបត្តិ UEUA ផងដែរ ក្រោយមានភាពចម្រូងចម្រាសជាច្រើន កាលពីថ្ងៃអាទិត្យ ជាមួយនឹងកីឡាការិនី Jenni Hermoso ក៏បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងរូបលោក។

ហើយការបង្ហាញខ្លួននូវចំពោះមុខតុលាការនេះ នឹងធ្វើឡើងនៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ ក្រោយពេលតុលាការជាន់ខ្ពស់បានកោះហៅឲ្យចូលឆ្លើយតបទៅនឹងការចោទប្រកាន់នេះ៕