(ភ្នំពេញ)៖ ប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា សរុប ១១នាក់ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា បានធ្វើដំណើរទៅប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញាខាងមុខ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានចាកចេញពីមាតុភូមិថា នេះគឺជាបេសកកម្ម នៃការប្រកួតអន្ដរជាតិលើកដំបូងរបស់ក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ពោលគឺកីឡាករ-កីឡាការិនីរបស់ខ្លួនសម្រាកបានតែ ១០ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតជើងឯកអាស៊ីនេះ ។

លោកបន្ដថា «ផ្អែកលើផែនការហ្វឹកហាត់ច្បាស់លាក់ ដោយមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ ក្នុងនាមជំនាញ យើងពិនិត្យឃើញថា ក្រុមកីឡាករ-កីឡាការិនីរបស់យើង បានត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ Aerobic Gymnastics Asian Championship 2023 នៅម៉ុងហ្គោលី ហើយខ្ញុំរំពឹងថា នឹងទទួលបានលទ្ធផលល្អជូនជាតិមាតុភូមិ»

អគ្គលេខាធិការសហព័ន្ធដដែល គូសបញ្ជាក់ថា កីឡាជំនាញ ក្រៅពីការហ្វឹកហាត់ ទាមទារចូលរួមការប្រកួតច្រើន ពិសេសការប្រកួតអន្ដរជាតិ ។ តែរាល់ការប្រកួតអន្ដរជាតិ មិនមែនផ្ដោតតែលើបទពិសោធន៍នោះទេ ត្រូវមានការកំណត់ច្បាស់លាស់ ដើម្បីទទួលយកគុណផល និងលទ្ធផលជូនជាតិ ក៏ដូចជាការទទួលយកបទពិសោធន៍ តាមរយៈការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីដុសខាតសមត្ថភាពបន្ថែម ។

លោកបន្ថែមថា «ក្នុងដំណាក់កាលនេះ មិនមែនចេញទៅ ដើម្បីតែបទពិសោធន៍នោះទេ មានន័យថា ចេញទៅស្វែងរកលទ្ធផល ។ សម្រាប់ការចាកចេញពេលនេះ យើងនឹងព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកលទ្ធផលល្អជូនជាតិមាតុភូមិ»

សម្រាប់ប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបំពេញបេសកកម្មខាងលើ គឺដឹកនាំដោយលោក ណយ ផាណា ក្នុងនាមប្រធានប្រតិភូ និងជាគ្រូបង្វឹក អមគ្រូជំនួយ ២នាក់ និងកីឡាករ-កីឡាការិនី ៨នាក់(កីឡាករម្នាក់) ។ កាលពីឆ្នាំ២០២២ សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ នៅថៃ កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន ១៨នាក់ចូលរួម និងដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១គ្រឿង ៕