(ភ្នំពេញ)៖ ម៉ែសេះ ជាតារាកំប្លុកកំប្លែងមួយដួង ដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ជាពិសេសតាមឆាកតន្ត្រីនានា។  គ្រប់គ្នាស្គាល់ម៉ែសេះតាមការសម្តែងរឿងកំប្លែងក្នុងក្រុមប៉ីៗឌី និងវោហាស័ព្ទចាក់ទឹកមិនលិច ជាពិសេសស្នាមញញឹមបែបមុខសេះរបស់នាង។

ការតស៊ូនៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ម៉ែសេះ បានផ្លាស់ប្តូរជោគវាសនារបស់ខ្លួនក្លាយជាបុគ្គលមហាជនត្រឹមតែមួយប៉ប្រិចភ្នែក ដោយសារតែទេពកោសល្យសិល្បៈតាំងពីកំណើត និងការប្តេជ្ញាចិត្តមិនបោះបង់ចោល ទោះបីជាកាលៈទេសៈណាក៏ដោយ។

ជាក់ស្តែងទាំងជីវភាព ប្រជាប្រិយភាព និងរូបសម្រស់ របស់ម៉ែសេះ មានការប្រែប្រួល ៣៦០ដឺក្រេតែម្តង! អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ ម៉ែសេះ ត្រូវបានក្រុមហ៊ុន Justeen Miracle ចូលចែចូវ ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងផ្សព្វផ្សាយផលិផល ដែលកំពុងល្បីឈ្មោះនៅស្រុកខ្មែរថែមទៀតផង។

មិនត្រឹមតែក្តោបបានតំណែងជា BA ប៉ុន្តែម៉ែសេះកំពុងកើបលុយជាមួយនឹងកិច្ចការជាតារាកំប្លែងជាមួយនឹងប៉ីៗឌី តាមរយៈការផលិតវីដេអូ ផ្សព្វផ្សាយផលិតឡើងសម្តែងនៅលើប៉ុស្តិ៍ទូរទស្សន៍ បង្ហាញម៉ូត និងវត្តមានក្នុងកម្មវិធី Concert ធំៗផងដែរ។

ថ្លែងប្រាប់ Fresh News Plus ម៉ែសេះ បានឲ្យដឹងថា នៅពីក្រោយនៃភាពជោគជ័យរបស់នាង គឺជាមេរៀនជីវិតមួយដែលឆ្លុះបញ្ជាំងនូវការពុះពាររាល់ឧបសគ្គ ការក្រោកឈរ មិនចុះចាញ់! ប្រសិនបើចង់ល្បីត្រូវតែលះបង់។

ម៉ែសេះ និយាយថា «ទម្រាំមកដល់ចំណុចនេះ ខ្ញុំឆ្លងកាត់ការមាក់ងាយ ពេបជ្រាយ និងរើសអើងដ៏ច្រើនលើសលប់! ប៉ុន្តែភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសគឺការតស៊ូមិនបោះបង់ ទើបអាចជម្រុញឲ្យយើងឆ្ពោះទៅកាន់គោលដៅ ហើយត្រូវចង់ចាំថា ត្រូវចិត្តធ្ងន់ ទទួលយកមតិរិះគន់ដើម្បីស្ថាបនា លះបង់ភាពអៀនខ្មាស់ ដើម្បីឈោងចាប់ក្តីស្រមៃរបស់យើង»

សូមរំឭកថា ម៉ែសេះ មានឈ្មោះពិត ឡុង សាម៉េន ជាមនុស្សសកម្មនឹងកិច្ចការងារសប្បុរសធម៌ ចែករំលែកក្តីស្រឡាញ់ ត្រឡប់ទៅកាន់សហគមន៍វិញ តាមរយៈការសម្តែងវីដេអូអប់រំ, កិច្ចការពារសម្បត្តិវប្បធម៌ បេតិកភ័ណ្ឌជាតិ បរិស្ថាន, និងការចុះចែកអំណោយ -ល-៕