(ភ្នំពេញ)៖ គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិ ចុងអ៉ីង នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៃការវិល ត្រលប់មកវិញ របស់ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ ដែលបានដឹកនាំសិស្សានុសិស្ស ចូលរួមដំណើរទស្សនកិច្ចបោះជំរុំរដូវក្តៅ នៅប្រទេសចិន នៅសាកលវិទ្យាល័យ តឺចូវ ស្ថិតក្នុងខេត្តសាងតុង ដែលជាដៃគូរបស់ សាលាអន្តរជាតិ ចុងអ៉ីង។

ឧកញ៉ា សេង វណ្ណារិទ្ធ អគ្គនាយក នៃសាលាអន្តរជាតិ ចុងអ៉ីង បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច រយៈពេល១០ថ្ងៃនេះ សិស្សនុសិស្សទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មី ដែលពួកគេអាចយក មកអនុវត្តទាំងការសិក្សា និងការរស់នៅប្រចាំថ្ងៃ ដែលជឿជាក់ថា ពួកគេនឹងទទួលបាននូវសមិទ្ធផល លើសពីការរំពឹងទុក ពីសំណាក់អាណាព្យាបាល។

ឧកញ៉ា អគ្គនាយក លោកបានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចសិក្សានេះ កូនសិស្ស នៃសាលាអន្តរជាតិ ចុងអ៉ីង នឹងមានភាពក្លាហានកាន់តែខ្លាំង ដោយបានស្គាល់ពីពិភពលោក កាន់តែច្បាស់ តាមរយៈប្រទេសចិន។

បើតាមអាណាព្យាបាល សិស្សនៃសាលាអន្តរជាតិ ចុងអ៉ីង បានយល់ឃើញថា ការរៀបចំដំណើរទស្សនកិច្ចបែបនេះ គឺពិតជាល្អសម្រាប់ក្មេងៗ ដែលជាឱកាសឲ្យពួកគេ មានការស្វែងយល់ពីប្រទេសក្រៅ ជាពិសេសប្រទេសចិន ដែលជាប្រទេសមានភាពរីកចម្រើន។

សាលាអន្តរជាតិ ចុងអ៉ីង នឹងបន្ដដឹកនាំសិស្សានុសិស្ស ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីឲ្យពួកគេមានជំនឿចិត្ត និងមានគោលដៅ សម្រាប់ជីវីត គោលបំណងធំគឺបណ្តុះបណ្តាលសិស្សានុសិស្ស ឲ្យពូកែជំនាញទំនាក់ទំនង ជំនាញបច្ចេកវិទ្យា ជំនាញសហគ្រិនភាព និងភាពជាអ្នកដឹកនាំ៕