(បរទេស)៖ បន្ទាប់ពីនាយកប្រតិបត្តិកំពូលរបស់អង្គភាព Cloud ក្រុមហ៊ុន Alibaba លោក Daniel Zhang បានប្រកាសលាលែងពីដំណែងជា CEO តួនាទីនេះត្រូវបានគេឱ្យដឹងថា នឹងតែងតាំងដោយលោក Eddie Yongming Wu ជាអ្នកទទួលបន្ត។ យ៉ាងណាមិញក្រោយការប្រកាសតែងតាំងមួយថ្ងៃពេលនេះលោក Wu ចាប់ផ្តើមអនុវត្តតួនាទីនោះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

លោក Wu ត្រូវបានគេស្គាល់ថាជាប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់ប្រទេសចិន។ ក្រៅពីនេះលោកក៏ជាអ្នកមើលការខុសត្រូវ និងជាប្រធានក្រុមហ៊ុន Taobao និង Tmall Group ផងដែរ គិតមកទល់ពេលនេះលោកបានកាន់កាប់អង្គភាពជាច្រើនរបស់ Alibaba បូករួមទាំង អង្គភាព Cloud មួយថ្មីបន្ថែមទៀត។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថាលោក Wu បានចាប់ផ្តើមចូលអនុវត្តការងារនៅអង្គភាព Cloud នោះហើយ ដោយនៅព្រឹកថ្ងៃអង្គារនេះលោកបានដាក់ចេញយុទ្ធសាស្រ្តសំខាន់ៗពីរទៅដល់បុគ្គលិក។ ខណៈយុទ្ធសាស្រ្តទី១ នោះគឺ «អតិថិជនគឺ ជាជម្រើសអាទិភាព ឬជម្រើសទី១» ដែលមានន័យថា Alibaba នឹងត្រូវផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ជាកណ្តាល និងឌីហ្សាញផលិតផល និងសេវាកម្មបំពេញតម្រូវការអ្នកប្រើប្រាស់។ ចំណែកឯយុទ្ធសាស្រ្តទី២ នោះគឺ «AI-driven» មានន័យថា Alibaba នឹងប្រើប្រាស់ AI ដើម្បីផ្លាស់គំរូអាជីវកម្ម និងបង្កើតឱកាសថ្មីសម្រាប់អតិថិជន និងដៃគូរបស់ខ្លួន។ លោកបាបន្ថែមទៀតថា នាពេលខាងមុខ Alibaba នឹងបង្កើតឱ្យមាន AI Team លំដាប់ពិភពលោក ហើយនឹងធ្វើការវិនិយោគទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទៅលើផ្នែកនេះ។

គួរជម្រាបដែរថា ការដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្តនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងអាណត្តិជា CEO អង្គភាព Cloud ថ្មីរបស់លោក Wu ហើយក៏ជាការរៀបចំរចនាសម្ព័ន្ធស្ថាប័នដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត ២៤ឆ្នាំរបស់ Alibaba​ ផងដែរ៕