(កូរ៉េ)៖ អ្នកគាំទ្ររបស់ V បានបង្ហាញក្តីស្រលាញ់របស់ពួកគេចំពោះតារាចម្រៀងប្រុស K-pop ក្រុម BTS រូបនេះ តាមរយៈការចូលរួមទិញជាងមួយលានកូពី សម្រាប់អាល់ប៊ុមទោលដំបូងរបស់លោកឈ្មោះ Layover។ ប្រការនេះបានធ្វើឲ្យ V បំបែកកំណត់ត្រាក្លាយជាតារា K-POP ទោលលក់អាល់ប៊ុមបានច្រើនបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមផលិតកម្ម Big Hit Music អាល់ប៊ុម «Layover» របស់តារាចម្រៀង V បានលក់ដាច់ខ្ទង់ ១.៦៧លានកូពីក្នុងស្រុក នៅពេលដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន និងអាចបំបែកកំណត់ត្រាចំនួនលក់ដាច់ខ្ពស់បំផុតនៅថ្ងៃដំបូងសម្រាប់អាល់ប៊ុមរបស់តារាទោលខេប៉ុប។

គួរជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅ សមាជិក BTS V បានចេញបទចម្រៀងទោលជាផ្លូវការជាមួយអាល់ប៊ុមដំបូងមានចំណងជើងថា «Layover» ដោយមានបទ «Slow Dancing» (ស្លូ ដានស៊ីង) ជាបទនាំមុខ។ ការលក់ដាច់បានជាង១លានបន្ទះនេះ មិនត្រឹមតែអាចបំបែកកំណត់ត្រាលក់ដាច់ខ្ពស់បំផុតនៅថ្ងៃដំបូងនោះទេ ប៉ុន្តែ V ក៏បានក្លាយជាតារាទោលទី៣ ក្នុងប្រវត្តិសាស្ត្រដែលអាចលក់អាល់ប៊ុមដាច់លើសមួយលានបន្ទះក្នុងមួយថ្ងៃផងដែរ ដោយតារាទី១និងទី២ដែលធ្លាប់លក់ដាច់អាល់ប៊ុមបានខ្ទង់មួយលានបន្ទះនាថ្ងៃដំបូងដែរនោះ គឺគ្មានអ្នកណាឆ្ងាយឡើយ ក្រៅពីមិត្តរួមក្រុមរបស់គេគឺ Jimin និង Suga៕