(ប៉ារីស)៖ នៅពេលបញ្ចប់រដូវកាលឆ្នាំ២០២៣-២០២៤ នេះ មានកីឡាករល្បីៗដល់ទៅ ១១រូបនឹងអស់សុពលភាពកិច្ចសន្យារបស់ពួកគេក្នុងក្លិបនានានៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score នាថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ភាគច្រើននៃកីឡាករខាងលើនេះ ពុំទាន់បានចូលតុចរចាស្តីអំពីកិច្ចសន្យាថ្មីនៅឡើយទេ ដែលជំរុញឲ្យភ្នាក់ងាររបស់ពួកគេស្វែងរកទ្រនំថ្មីនៅអំឡុងទីផ្សារដោះដូរកីឡាករនាខែមករា ឆ្នាំ២០២៤ ខាងមុខផងដែរមានដូចជា៖
១៖ កីឡាករចាំទី Manuel Neuer វ័យ ៣៧ឆ្នាំ បានចូលលេងចំនួន ៤៨៨ប្រកួតសម្រាប់ក្លិបខ្លារខិន Bayern Munich ក្នុងរយៈពេល ១២ឆ្នាំមកនេះ។
២៖ ខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka មិនស្ថិតក្នុងជម្រើស ១១នាក់ដំបូងរបស់អ្នកចាត់ការទូទៅ លោក Erik ten Hag នៃក្លិបបិសាចក្រហម Manchester United ដូចរដូវកាលមុននោះទេ។
៣៖ ខ្សែការពារកណ្តាល Presnel Kimpembe របស់ក្លិប PSG មិនទាន់ត្រូវបានគ្រូបង្វឹកដាក់ឲ្យចូលលេងក្នុងប្រកួតណាមួយនោះទេ ដែលអាចនិយាយបានថា រកទ្រនំថ្មីដើម្បីលេង សម្រាប់រដូវក្តៅក្រោយ។

៤៖ ខ្សែការពារកណ្តាល Eric Dier មិនត្រូវបានអ្នកការទូទៅថ្មីក្នុងក្លិបមាន់ខ្នាយមាស Tottenham Hotspur គឺលោក Ange Posgecoglou ដាក់ឲ្យចូលលេងនោះទេនារដូវកាលថ្មីនេះ បើទោះបីជាកីឡាករអង់គ្លេសរូបនេះបានបដិសេធពីការចែចូវនៃក្លិបជាច្រើននៅអង់គ្លេសក៏ដោយ។
៥៖ ខ្សែបម្រើកណ្តាល Luka Modric ទំនងជាបញ្ចប់រយៈពេល ១១ឆ្នាំជាមួយ Real Madrid ក្រោយការមកដល់របស់កីឡាករ Jude Bellingham និង Aurelien Tchouameni នៃតំបន់បម្រើរបស់លោក Carlo Ancelotti។
៦៖ ខ្សែបម្រើកណ្តាល Toni Kroos ទំនងជាចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៃក្លិប Real Madrid ដែរ ដ្បិតទើបបានចូលលេង ១ប្រកួតប៉ុណ្ណោះនៅ La Liga រដូវកាលនេះ។

៧៖ ខ្សែប្រយុទ្ធស្លាបស្តាំ Nico Williams វ័យ ២១ឆ្នាំ បានកំពុងស្វែងរកក្លិបធំ ដើម្បីបន្តអាជីព ប្រសិនបើក្លិប Athletic Bilbao ដែលលោកលេងតាំងពីកុមារភាពមិនអាចបន្តកិច្ចសន្យាថ្មី។
៨៖ ខ្សែបម្រើប្រយុទ្ធ Marco Reus វ័យ ៣៤ឆ្នាំ កំពុងត្រូវបានអន្ទងចិត្តទៅលេងនៅ Pro League របស់អារ៉ាប៊ីសាអូឌីត។ កីឡាករអាល្លឺម៉ង់រូបនេះ ស៊ុតបាន ២៨៣គ្រាប់ ពីការចូលេង ៣៨៩ប្រកួតសម្រាប់ក្លិបក្នុងស្រុក Borussia Dortmund។
៩៖ ខ្សែប្រយុទ្ធស្លាបឆ្វេង Ivan Perisic មានបំណងទៅលេងឲ្យក្លិបនៅក្រូអាតវិញ ដ្បិតកិច្ចសន្យាចាស់ជាមួយ Spurs នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ។

១០៖ ខ្សែប្រយុទ្ធចំតួ Kylian Mbappe កំពុងតែត្រូវបានតាមទិញជាយូរឆ្នាំមកហើយពីសំណាក់ Real Madrid និងត្រូវបានជជីកសួរដេញដោលជាច្រើនសម្រាប់អនាគតរបស់លោក បើទោះបីជាស្ថិតក្នុងជម្រើស ១១នាក់ដំបូងក្នុងក្លិបបារាំង Paris Saint-Germain នារដូវកាលនេះក៏ដោយ។
១១៖ ខ្សែការពារស្លាបឆ្វេង Alejandro Balde វ័យទើបតែ ១៩ឆ្នាំ សមាជិកសំខាន់ ១រូបក្នុងការជួយ FC Barcelona ឈ្នះជើងឯកលីគរដូវកាលមុន។ កីឡាករវ័យក្មេងរូបនេះ មានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លិបនៅធំៗនៅអឺរ៉ុប ស្របពេលក្លិបអ្នកមានបុណ្យ ក៏មានបំណងផ្តល់កិច្ចសន្យារយៈពេលវែងដល់គេផងដែរ៕