(តូរីន)៖ កីឡាករបាល់ទាត់ Paul Pogba របស់ក្លិបសេះបង្កង់ Juventus ប្រឈមមុខទៅនឹងការជាប់ពន្ធនាគារចាប់ពី ២ទៅ៤ឆ្នាំ បន្ទាប់ពីរកឃើញថា មានជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សារធាតុលើកកម្លាំងនាពេលថ្មីៗនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ស្ថាប័នប្រឆាំងសារធាតុញៀនអ៉ីតាលី ហៅកាត់ថា NADO បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា Pogba មានកម្រិតនៃសារធាតុតេស្តូស្តេរ៉ូនឡើងខ្ពស់ ក្នុងការធ្វើតេស្ត ក្រោយពេលប្រកួតដែល Juventus បានបំបាក់គូប្រជែង Udinese ៣-០ ក្នុងលីគ Serie A កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ បើទោះបីជាខ្សែបម្រើវ័យ ៣០ឆ្នាំខាងលើនេះ មិនត្រូវបានដាក់ឲ្យចូលលេងក៏ដោយ។

ភ្លាមៗនោះដែរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ Juventus ក៏បានចេញថ្លែងការណ៍បញ្ជាក់ពីការសម្រេចដកបញ្ឈរជើងកីឡាករអន្តរជាតិបារាំង Pogba ជាបណ្តោះអាសន្នដែរ ទៅតាមសំណើរបស់ NADO និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនផងដែរពីវិធានរបស់ស្ថាប័ននេះ។

អរម៉ូន តេស្តូស្តេរ៉ូន (Testonsterone) ជាសារធាតុម្យ៉ាង ដែលជួយបង្កើនកម្លាំងដល់អត្តពលិក គ្រាដែល Pogba មានរយៈពេល ៣ថ្ងៃ ដើម្បីតវ៉ាទៅនឹងការវិភាគលទ្ធផលនៃ NADO ដែរ។

នៅចាំបានថា Juventus បានចុះកិច្ចសន្យានាំយក Pogba ត្រឡប់មកលេងនៅអ៉ីតាលីវិញ ក្រោមកិច្ចសន្យា ៤ឆ្នាំចាប់ពីខែកក្កដា ឆ្នាំ២០២២ មក បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លិបអង់គ្លេស បិសាចក្រហម Manchester United៕