(ភ្នំពេញ)៖ អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា បានយកឈ្នះក្រុមម៉ាកាវ ក្នុងលទ្ធផល ៤-០ នៃការប្រកួតមិត្តភាពអន្ដរជាតិ ដែលខ្សែប្រយុទ្ធពាក់លេខ៩ សៀង ចាន្ធា រកបាន ២គ្រាប់ម្នាក់ឯង ក្នុងការប្រកួតបង្កើនបច្ចេកទេសត្រៀមប្រជែងវគ្គជម្រុះពានរង្វាន់ពិភពលោក FIFA World Cup 2026 នាខែក្រោយក្នុងជុំទី១។

ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមជម្រើសជាតិកម្ពុជា រកបាន ៤គ្រាប់ជ័យជម្នះ ធ្វើបានដោយកីឡាករ សៀង ចាន្ធា ចំនួន ២គ្រាប់ម្ចាក់ឯង ជាមួយកីឡាករ សឿយ វិសាល នឹងកីឡាករ រឹង ប៊ុនហៀង ក្នុងទម្រង់លេងសហការគ្នាបានយ៉ាងល្អក្រោមការដឹកនាំដោយលោក Felix Dalmas ក្រោយពេលជំនួបមិត្តភាពលើកទី១ បានវាយបកស្មើ ១-១ ជាមួយក្រុមភ្ញៀវហុងកុង ក្នុងខែកញ្ញានេះ។

តាមរយៈលទ្ធផលនេះ ធ្វើឲ្យក្រុមគោព្រៃកម្ពុជា បន្តយកឈ្នះក្រុមម៉ាកាវ ៥លើក ខណៈក្រុមម៉ាកាវ រកបានការឈ្នះតែ ១លើកនិងស្មើ ១លើក ក្នុងចំណោមការប៉ះគ្នា ៧លើកមកនេះ។

បញ្ជាក់ផងថា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិលើកទី២ គឺជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ (2026 FIFA World Cup Asian Qualifiers) ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោលគឺជើងទី១ កម្ពុត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវជួបប៉ាគីស្ថាន ក្រៅដី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិទាំងពីរ(ជួបហុងកុង និងម៉ាកាវ) គឺជាការត្រៀមលក្ខណៈសម្បត្តិកាន់តែប្រសើរ សម្រាប់ក្រុមគោព្រៃកម្ពុជា ក្នុងការតតាំងជាមួយក្រុមប៉ាគីស្ថាន ដែលត្រូវបានលោកចាត់ទុកជាក្រុមខ្លាំងមួយ មិនអាចមើលរំលង ។ ហេតុនេះ ក្រោយចប់ការប្រកួតមិត្តភាពខាងលើ លោកនឹងប្រើប្រាស់ពេលវេលាសមគួរមួយ ដើម្បីរៀបចំក្រុម និងប្រមូលផ្ដុំឡើងវិញ ដើម្បីប្រជែងកៅអីវគ្គចែកពូលប្រចាំតំបន់អាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ៕