(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមម៉ាកាវ នាវេលាម៉ោង ៧យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិទី២ របស់ក្រុមគោព្រៃកម្ពុជា កំឡុង FIFA Day នៅខែកញ្ញានេះ បន្ទាប់ពីប្រកួតទី១ បានវាយបកស្មើក្រុមភ្ញៀវហុងកុង ក្នុងលទ្ធផល ១-១ កាលពីថ្ងៃទី០៧ ខែកញ្ញាកន្លងទៅ។

ការប្រកួតមិត្តភាពនេះដែរ គឺជាការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ចូលរួមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជុំទី១ (2026 FIFA World Cup Asian Qualifiers) ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោលគឺជើងទី១ កម្ពុត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវជួបប៉ាគីស្ថាន ក្រៅដី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្ដរជាតិទាំងពីរ(ជួបហុងកុង និងម៉ាកាវ) គឺជាការត្រៀមលក្ខណៈសម្បត្តិកាន់តែប្រសើរ សម្រាប់ក្រុមគោព្រៃកម្ពុជា ក្នុងការតតាំងជាមួយក្រុមប៉ាគីស្ថាន ដែលត្រូវបានលោកចាត់ទុកជាក្រុមខ្លាំងមួយ មិនអាចមើលរំលង ។ ហេតុនេះ ក្រោយចប់ការប្រកួតមិត្តភាពខាងលើ លោកនឹងប្រើប្រាស់ពេលវេលាសមគួរមួយ ដើម្បីរៀបចំក្រុម និងប្រមូលផ្ដុំឡើងវិញ ដើម្បីប្រជែងកៅអីវគ្គចែកពូលប្រចាំតំបន់អាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦៕