(សៀមរាប)៖ ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមបន្តការងារជួសជុលប្រាសាទព្រហ្មកិល ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធរបស់ប្រាសាទទាំងមូលអាចងើបឈររឹងមាំឡើងវិញ។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងនៅរាយប៉ាយ ហើយតួប៉មកណ្តាលបានបាក់រលុះអស់មួយចំហៀងនៅជ្រុងខាងត្បូង និងខាងលិច។ ដើម្បីឱ្យរចនាសម្ព័ន្ធនៃប្រាសាទបានរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញស្ថានភាពខូចរាល់រួចរាល់ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងធ្វើការងារជួសជុលប្រាសាទព្រហ្មកិល ដោយចាប់ផ្តើមពីចុងខែសីហា ឆ្នាំ២០២៣មក។

លោកបានបន្តទៀតថា ឈានចូលមកដល់ដំណាក់កាលនេះ ក្រុមអ្នកជំនាញបានបន្តធ្វើកំណាយបុរាណវិទ្យា ដើម្បីសិក្សាអំពីរចនាសម្ពន្ធផ្នែកខាងក្នុងនៃខឿនប្រាសាទ សិក្សាអំពីកម្ពស់ និងស្ថានភាពស្រុតរបស់ប្រាសាទ។ ទើបចាប់ផ្តើមចុះលេខរបស់ថ្ម រួចរើថ្មមួយចំនួនដែលនៅសល់ទាំងពីរជ្រុង គឺជ្រុងខាងកើត និងខាងជើង រួចបង់លេខថ្មទៅតាមស្រទាប់នីមួយៗដើម្បីរើចេញ ទើបចាប់ផ្តើមពង្រឹងគ្រឹះតាំងពីក្រោមឡើងទៅដល់ខាងលើ។

លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា បន្ទាប់ពីរើថ្មដល់ខឿនគ្រឹះប្រាសាទរួចរាល់ អ្នកជំនាញនិងសិក្សាបន្ថែមទៀតអំពីស្រទាប់ថ្ម ដើម្បីដឹងថាផ្នែកណាមួយស្រុតខ្លាំងជាងគេ ឬពុកផុយជាងគេ ទើបចាប់ផ្តើមធ្វើការពង្រឹងខឿនគ្រឹះ ដោយបន្ថែមថ្មបាយក្រៀមថ្មីជំនួសថ្មចាស់ដែលពុកផុយ។ បើទោះបីជាយកថ្មីខ្លះៗ មកជំនួសថ្មចាស់ ប៉ុន្តែអ្នកជំនាញនឹងព្យាយាមធ្វើយ៉ាងណាជួសជុលខឿនគ្រឹះរបស់ប្រាសាទទៅតាមលំនាំដើម។

សូមបញ្ជាក់ថា ប្រាសាទព្រហ្មកិល ជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជយវម៌្មទី៧ នាចុងសតវត្សទី១២ ប្រាសាទតូចមួយនេះមានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត៕