(ភ្នំពេញ)៖ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបបាល់ទាត់វិសាខា បានអំពាវនាវដល់វិស័យឯកជន ពិសេសប្រជាពលរដ្ឋ បន្ដចូលរួមឧបត្ថម្ភគាំទ្រលីគកំពូលកម្ពុជា ក៏ដូចជាបណ្ដាក្លិបនានាឲ្យបានច្រើនកុះករ ដូចក្រុមជម្រើសជាតិ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍ ទាំងក្លិប និងក្រុមជម្រើសជាតិកាន់តែរីកចម្រើនថែមទៀត។

ការគូសបញ្ជាក់នេះ បន្ទាប់ពី វិសាខា បានចុះអនុស្សារណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជាមួយដៃគូឧបត្ថម្ភធំរបស់ខ្លួន គឺធនាគារព្រីនស៍ រយៈពេល ៣ឆ្នាំបន្ថែមទៀត នៅថ្ងៃទី១១ ខែកញ្ញានេះ ក្រោមវត្តមានលោកស្រី កែ សួនសុភី ប្រធានក្លិប ដើម្បីបន្ដរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា។

ថ្នាក់ដឹកនាំក្លិបខាងលើបន្ដថា ទោះបីការចូលរួមអភិវឌ្ឍន៍វិស័យកីឡាជាតិពីវិស័យឯកជន នៅមានកម្រិត តែកញ្ញាមើលឃើញថា មានភាពរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ នៃការបណ្ដាក់ទុន ក៏ដូចជាការឧបត្ថម្ភពីក្រុមហ៊ុនឯកជននានា មិនថាវិសាខា ឬក្លិបផ្សេងៗនោះទេ។ នេះគឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា។

ក្រៅពីវិស័យឯកជន ប្រជាពលរដ្ឋកម្ពុជា ក៏កំពុងដើរតួសំខាន់ ក្នុងការជំរុញវិស័យកីឡាដ៏មានប្រជាប្រិយភាពមួយនេះដែរ។ ជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយ ប្រជាពលរដ្ឋជាច្រើន បានចាប់អារម្មណ៍គាំទ្រវិស័យកីឡាបាល់ទាត់ ពិសេសលើក្រុមជម្រើសជាតិ ដែលតែងតែចូលទស្សនាស្ទើរពេញៗស្ដាត រាល់ពេលមានការប្រកួតម្ដងៗ។ ចលនានៃការរួមចំណែកម្នាក់បន្ដិចៗនេះ បានធ្វើឲ្យបាល់ទាត់កម្ពុជាកាន់តែរីកលូតលាស់ តែប្រសិនបើអ្នកគាំទ្រ ឬ FAN ក្រឡេកមកគាំទ្រលីគ ឬក្លិបច្រើន នឹងកាន់តែជំរុញការអភិវឌ្ឍថែមទៀត។

កញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ថែមថា «ក្រៅពីក្រុមជម្រើសជាតិ នាងខ្ញុំសូមអំពាវនាវ និងកៀគរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថា តែជម្រើសជាតិទេ សូមគាំទ្រការប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងគាំទ្រក្លិបដូចគ្នា។ ទាល់តែមានអ្នកគាំទ្រ ទាល់តែមាន Fan ទើបក្លិបនីមួយៗ មានការអភិវឌ្ឍទៅបាន។ នៅពេលក្លិបមានការអភិវឌ្ឍ គឺយើងអាចជួយជំរុញដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិកម្ពុជាបាន»។

ទន្ទឹមជាមួយគ្នា លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិធនាគារព្រីនស៍ បានសម្ដែងនូវក្ដីរីករាយ ដែលបានបន្ដកិច្ចសហការជាមួយវិសាខា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការលើចក្ខុវិស័យរួមគ្នានេះ លោកសង្ឃឹមថា «យើងជឿជាក់ និងរំពឹងថា កីឡាករបាល់ទាត់កម្ពុជានឹងកាន់តែមានភាពល្បីល្បាញ មានសក្ដានុពល បង្ហាញពីជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពជាយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង សម្រាប់ការរីកចម្រើននាពេលអនាគត»។

គួរដឹងថា វិសាខា បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ជាមួយការផ្ដើមលេងលីគទី២ មុនវិវឌ្ឍន៍ខ្លួនឡើងមកលេងលីគទី១ ឬលីគកំពូលកម្ពុជា ចាប់ពីឆ្នាំ២០២១៨ រហូតមកទល់បច្ចុប្បន្ន។ រយៈពេល ៧ឆ្នាំកន្លងមកនេះ វិសាខា បានសម្រេចនូវសមិទ្ធផលដ៏ល្អប្រសើរ ពិសេសគឺការក្លាយជាក្លិបដំបូង ដែលបានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬ Hun Sen Cup ៣សម័យជាប់គ្នា (២០២០-២០២២) និងបានបណ្ដុះបណ្ដាលយុវជនបន្ដវេនជាច្រើន ព្រមទាំងក្រុមបាល់ទាត់នារីផងដែរ៕