(បរទេស)៖ អ្នកគាំទ្រនៅ Las Vegas ហាក់ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀង Ed Sheeran បានប្រកាសលុបចោលគម្រោងប្រគំតន្ត្រីរបស់ខ្លួនៅទីនោះភ្លាមៗតែម្តង ខណៈតារារូបនេះបានឲ្យដឹងថា អ្នកគាំទ្រប្រាកដជាខកចិត្ត តែដើម្បីសុវត្ថិភាពលោកក៏ត្រូវសម្រេចចិត្តភ្លាមៗដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

Ed Sheeran កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានបង្ហោះសារ Instagram ដើម្បីផ្តល់ព័ត៌មានបន្ថែមនិងលំអិតទៅកាន់អ្នកាំទ្រពីមូលហេតុដែលលុបចោលការប្រគំតន្ត្រី។ លោកបានសង្ងន់ធ្ងន់ពីបញ្ហាសុវត្ថិភាពរបស់អ្នកគាំទ្រជាចម្បង ទើបធ្វើឲ្យលោកសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ត្បិតថាសំណង់នៅកន្លែងប្រគំតន្ត្រីមានបញ្ហា។ លោកបានទទួលស្គាល់ថា ពិតជាមានការខកចិត្តកើតឡើង ហើយលោកបានទទួលខុសត្រូវទាំងស្រុងចំពោះភាពរអាក់រអួលដែលបណ្តាលមកពីការលុបចោលនេះ។ ម្ចាស់ពានរង្វាន់ Grammy រូបនេះ ក៏បានប្រកាសថា លោកនឹងសងប្រាក់ត្រឡប់ទៅវិញ អ្នកគាំទ្រអាចទទួលនៅកន្លែងដែលពួកគេទិញសំបុត្រ។

ទន្ទឹមគ្នានេះ លោកក៏បានផ្តល់នូវក្តីសង្ឃឹមទៅកាន់អ្នកគាំទ្រផងដែរ ថាកម្មវិធីដែលបានគ្រោងទុកនៅថ្ងៃទី២៨ ខែតុលា ដោយសន្យាថា វានឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយ។ តារារូបនេះ បានបញ្ចប់សារជាមួយនឹងការសុំទោសទោសដល់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ និងសង្ឃឹមថា នឹងបានឃើញពួកគេនៅក្នុងខែតុលាសម្រាប់អ្វីដែលលោករំពឹងថា នឹងជាការសម្តែងដែលមិនអាចបំភ្លេចបាន៕