(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើស្លាប Antony បានព្រមព្រៀងគ្នាក្នុងការពន្យារពេលវិលត្រឡប់មកកាន់ក្លិបបិសាចក្រហម Mnachester United វិញ គ្រាដែលរឿងអាស្រូវផ្លូវភេទពុំទាន់បានបញ្ចប់នៅឡើយ។

តាមកាលវិភាគ បុរសវ័យ ២៣ឆ្នាំខាងលើនេះត្រូវវិលត្រឡប់មកហ្វឹកហាត់ក្នុងក្លិប Man Utd ឡើងវិញនៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រោយពេលមិនមានឈ្មោះក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីល ក្នុងការប្រកួតជម្រុះ FIFA World Cup 2026 ទល់នឹងបូលីវី និងប៉េរូប្រចាំតំបន់អាមេរិកឡាទីន។

ក៏ប៉ុន្តែ Man Utd បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្លិបបានឯកភាពក្នុងការទុកពេលឲ្យ Antony ជម្រះមន្ទិលសង្ស័យដែលត្រូវបានចោទប្រកាន់មកលើខ្លួនលោកនាពេលថ្មីៗនេះ ដ្បិត Antony បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះក្តី ពីសំណាក់អតីតមិត្តស្រីរបស់លោក គឺនាង Gabriela Cavallin។

យ៉ាងនេះក្តី គិតមកទល់ពេលនេះ កីឡាករអន្តរជាតិប្រេស៊ីល Antony មិនទាន់ត្រូវបានឃាត់ខ្លួននោះទេ និងនៅអាចបើកប្រាក់ពលកម្មពេញពីក្លិប Man Utd បានដដែល បើទោះបីជាអវត្តមានពីការហ្វឹកហាត់ជុំគ្នា និងប្រកួតក៏ដោយ។ ករណីរបស់ Antony វាជាក្តីក្តាំទី២ នៃកីឡាករក្លិប Man Utd ដែលមានជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ បន្ទាប់ពីអតីតមិត្តរួមក្រុម Mason Greenwoods ដែលទើបចប់សព្វគ្រប់នាពេលថ្មីៗនេះ និងផ្លាស់ទៅលេងខ្ចីជើង ១រដូវកាលនៅក្លិបអេស្ប៉ាញ Getafe៕