(ម៉ាឌ្រីដ)៖ លោក Luis Rubiales បានចុះចេញពីតំណែងក្នុងនាមជាប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ជាផ្លូវការហើយចាប់ពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្តល់ឱកាសនៃប្រទេសស្ថិតនៅអឺរ៉ុបមួយនេះ ស្មើមុខស្មើមាត់ ក្នុងការចូលរួមដេញថ្លៃរួមគ្នាសម្រាប់ធ្វើម្ចាស់ផ្ទះ FIFA World Cup នៅឆ្នាំ២០៣០។

កន្លងមក អេស្ប៉ាញដែលធ្លាប់ឈ្នះពានបាល់ទាត់ពិភពលោកម្តងក្នុងឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូងនោះ ធ្លាប់បានប្រកាសចូលរួមដេញថ្លៃរួមគ្នាជាមួយប្រទេសព័រទុយហ្គាល់ និងម៉ារ៉ុក សម្រាប់តំណែងម្ចាស់ផ្ទះ World Cup 2030 បន្ទាប់ពីសហរដ្ឋអាមេរិក កាណាដា និងមិចសិចធ្វើសហម្ចាស់ផ្ទះនៅឆ្នាំ២០២៦ ខាងមុខ។

ដូចគ្នានោះដែរ បុរសវ័យ ៤៦ឆ្នាំខាងលើនេះក៏បានថ្លែងប្រាប់ BBC ដោយសង្ឃឹមថា ការចុះចេញពីតំណែងរបស់លោក នឹងជម្រុញឲ្យអេស្ប៉ាញទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup 2030 កាន់តែច្រើន។

លោកថា «ខ្ញុំត្រូវតែទទួលស្គាល់ការពិត ហើយខ្ញុំនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដ្បិតកន្លងមក ខ្ញុំបានធ្វើរឿងខកចិត្តដល់កូនស្រី ក្រុមគ្រួសារ និងអ្នករាល់គ្នាដែលតែងតែគាំទ្ររូបខ្ញុំ»

យ៉ាងនេះក្តី មតិរិះគន់ទៅលើលោក Luis Rubiales ដែលទាមទារឲ្យលោកចុះចេញពីតំណែងប្រធាន RFEF តាំងតែពីថ្ងៃកើតហេតុ តាមរយៈចាប់ថើបមាត់កីឡាការិនីបាល់ទាត់ Jenni Hermoso ជាការអបអរជ័យជម្នះ Women’s World Cup 2023 នោះ អាចនឹងត្រូវសាបរលាបទៅវិញ ហើយតំណែងប្រធានថ្មីនេះដែរ ក៏កំពុងត្រូវបានពិចារណាដោយលោក Jorge Vilda អតីតគ្រូបង្វឹកស្រ្តីអេស្ប៉ាញ ដែលត្រូវបានដកតំណែងកាលពីថ្ងៃទី០៥ ខែកញ្ញាផងដែរ៕