(អាល្លឺម៉ង់)៖ លោក Hansi Flick ត្រូវបានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បណ្តេញចេញពីតំណែងគ្រូបង្វឹក ក្រោយពេលដឹកនាំក្រុមម្ចាស់ផ្ទះ Euro 2024 ប្រកួតមិត្តភាពចាញ់ក្រុមខ្លាំងតំបន់អាស៊ី ជម្រើសជាតិជប៉ុន ៤-១ នាទីក្រុង Wolfsburg កាលពីថ្ងៃសៅរ៍។

លោក Hansi Flick ក៏ក្លាយជាគ្រូបង្វឹកអាល្លឺម៉ង់ ដំបូងគេដែលត្រូវបានបណ្តេញចេញគិតចាប់តាំងពីឆ្នាំ១៩២៦ ខណៈអាល្លឺម៉ង់ បានលេងចាញ់ ៤លើកក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Flick បានលេងឈ្នះ ១២ប្រកួតចំណោម ២៥ប្រកួតសរុប គិតចាប់តាំងពីបានចូលជំនួសតំណែងលោក Joachim Low កាលឆ្នាំ២០២១។

ក្នុងនោះលោក Rudi Voller មានវ័យ ៦៣ឆ្នាំ ដែលជាអតីតគ្រូធ្លាប់ដឹកនាំក្រុមនេះកាលឆ្នាំ២០០០ ដល់២០០៤ ក៏ត្រូវបានតែងតាំងដោយដឹកនាំក្រុមនេះបណ្តោះអាសន្ននៅជំនួបមិត្តភាពជាមួយក្រុមបារាំង នាថ្ងៃអង្គារនេះ។

រំលឹកផងថា អាល្លឺម៉ង់ និងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពានអឺរ៉ុប European Championship 2024៕