(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសបន្ដធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិជាបន្ដបន្ទាប់តៀត ។

នេះបើតាមការបញ្ជាក់ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១០ ខែកញ្ញានេះ ។ ការប្រកាសនេះដែរ គឺដើម្បីបញ្ចប់មន្ទិលរបស់ថ្នាក់ដឹកនាំ ក៏ដូចជាគ្រួសារតេក្វាន់ដូ ITF កម្ពុជា បន្ទាប់ពីលោកចង់លាលែងពីតំណែង កាលពីថ្មីៗ ។

លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី មានប្រសាសន៍ថា ការសម្រេចបន្ដធ្វើជាប្រធានសហព័ន្ធនេះ ក៏ព្រោះមានការស្នើសុំពីថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធផង ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផង ។ អ្វីដែលពិសេស គឺលោកសប្បាយចិត្ត នៅពេលឃើញវិស័យកីឡាមួយនេះ កំពុងមានការរីកចម្រើន ជាក់ស្ដែងក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០២៣ នេះតែម្ដង ។

លោកសង្ឃឹមថា ការបន្ដដឹកនាំសហព័ន្ធនេះ នឹងជំរុញឲ្យវិស័យកីឡាតេក្វាន់ដូ ITF កម្ពុជា បន្ដនិរន្ដរភាព ជាមួយនឹងភាពខ្លាំង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ត្រៀមចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីនាំមកនូវឧត្តមភាព កិត្យានុភាព និងកិត្តិយសជូនជាតិ តាមរយៈការប្រកួតប្រជែងដណ្ដើមមេដាយ ក្នុងព្រឹត្តិការណ៍ធំៗនានា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF នៃកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីមកពី ១១រាជធានី-ខេត្ដចូលរួម ។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ៥ថ្ងៃ គឺខេត្តកំពង់ស្ពឺ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩គ្រឿង(មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ១) ។ ខេត្តស្ទឹងត្រែង ឈរលេខ២ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ១) និងខេត្តកោះកុង ឈរលេខ៣ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ២) ។ រីឯអត្តពលិក ៨រាជធានី-ខេត្តផ្សេងទៀត ក៏សុទ្ធតែដណ្ដើមបានមេដាយផងដែរ ៕