(ភ្នំពេញ)៖ ជាទូទៅក្នុងសំណុំរឿងរដ្ឋប្បវេណីត្រូវមានការចូលរួមពីភាគីដែលជាបុគ្គលពាក់ព័ន្ធនឹងវិវាទ ដើម្បីដំណើរការនីតិវិធីនៅស្ថាប័នតុលាការ ដោយភាគីត្រូវអះអាង បញ្ជាក់ភស្តុតាង ដែលជាផលប្រយោជន៍របស់ខ្លួនដើម្បីអាចឱ្យតុលាការពិចារណា នៅពេលសម្រេចសេចក្តី លើសពីនេះភាគីត្រូវចេះឆ្លើយតបនឹងការអះអាង ដែលភាគីម្ខាងទៀតបានថ្លែង ប៉ុន្តែចំពោះបុគ្គលណាដែលមិនមានចំណេះដឹងផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការតតាំងក្តី ឬចំពោះជនដែលត្រូវបានកម្រិតសមត្ថភាព នោះច្បាប់បានអនុញ្ញាតឱ្យមានអ្នកតំណាងតាមផ្លូវបណ្តឹងអាចមានសិទ្ធិចូលរួមសកម្មភាពបណ្តឹងក្នុងដំណើរការនីតិវិធីនីមួយៗ ជំនួសភាគីវិវាទ ម្យ៉ាងទៀត ច្បាប់បញ្ញត្តិឱ្យមានអ្នកតំណាងតាមផ្លូវបណ្តឹងដើម្បីកុំឱ្យមានការកេងផលប្រយោជន៍ ឬកេងចំណេញដល់បុគ្គលទាំងនោះ ។

តើអ្នកតំណាងតាមផ្លូវបណ្តឹងមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ? តើអ្នកតំណាងតាមផ្លូវបណ្តឹងអាចប្រើប្រាស់សិទ្ធិបានកម្រិតណាខ្លះ?

ដូច្នេះក្នុងសប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អ្នកតំណាងតាមផ្លូវបណ្តឹងក្នុងសំណុំរឿងរដ្ឋប្បវេណី» ដើម្បីធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ដូចខាងក្រោម។

មុននឹងឈានចូលដល់ខ្លឹមសារនៃអត្ថបទច្បាប់យើងខ្ញុំសូមលើកពាក្យគន្លឹះមួយចំនួនដើម្បីឱ្យប្រជាពលរដ្ឋ និងសិស្ស និសិ្សត អាចងាយអាន និងងាយយល់៖

* អនីតិជន សំដៅទៅលើជនដែលមានអាយុក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។
* ជននៅក្រោមអាណាព្យាបាលទូទៅ សំដៅជនដែលស្ថិតនៅក្នុងស្ថានភាពជានិរន្តរ៍ ដែលខ្វះសមត្ថភាពក្នុងការយល់ ដឹង និង វិនិច្ឆ័យផ្នែកវិបត្តិបញ្ញាស្មារតី ។
* ហិតូបត្ថម្ភ សំដៅការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និង វិនិច្ឆ័យ អំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិបញ្ញាស្មារតី ។
* ហិតូបត្ថម្ភកៈ សំដៅជនដែលត្រូវបានប្រកាសថាមានសិទ្ធិអំណាច និងថែរក្សាហិតូបត្ថម្ភ ។

យោងតាមក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីប្រភេទអ្នកតំណាងតាមផ្លូវបណ្តឹង មានដូចជា៖ អ្នកតំណាងតាមច្បាប់កំណត់ អ្នកតំណាងពិសេស និង អ្នកតំណាងដោយអាណត្តិ ។

* អ្នកតំណាងតាមច្បាប់កំណត់

អ្នកតំណាងតាមច្បាប់កំណត់ គឺជាអ្នកតំណាងដែលច្បាប់តម្រូវ ដោយមិនអាចជ្រើសរើសតាមចិត្តរបស់ភាគីទេ។ ច្បាប់ បញ្ញតិ្តឱ្យមានអ្នកដែលអាចធ្វើសកម្មភាពបណ្តឹងជំនួសឱ្យជនដែលត្រូវបានកម្រិតសមត្ថភាពក្នុងនាមជាភាគីបាន ពោលគឺការតំណាងឱ្យអនីតិជន ដោយអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន និងជនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ដោយអ្នកអាណាព្យាបាលទូទៅ (មាត្រា៣២ កថាខណ្ឌ៣ នៃក្រមនីតិវិធី
រដ្ឋប្បវេណី) ។ ចំណែកឯ ហិតូបត្ថម្ភកៈ នៅក្នុងច្បាប់សារធាតុមិនបានកំណត់សិទ្ធិជាអ្នកតំណាងតាមផ្លូវបណ្តឹងចំពោះជននៅក្រោមហិតូបត្ថម្ភនោះទេ ព្រោះជនហិតូបត្ថម្ភ ច្បាប់អនុញ្ញាតឱ្យធ្វើសកម្មភាពបណ្តឹងខ្លួនឯងបាន ។

* អ្នកតំណាងពិសេស

អ្នកតំណាងពិសេស ជាអ្នកតំណាងជំនួសឱ្យអ្នកតំណាងតាមច្បាប់កំណត់ដែលបានរៀបរាប់ខាងលើ ក្នុងករណីដែលគ្មានអ្នកតំណាង ឬអ្នកតំណាងមិនអាចប្រតិបត្តិនូវសិទ្ធិតំណាងនោះបាន ដូច្នេះបុគ្គលដែលមានបំណងធ្វើសកម្មភាពបណ្តឹងជំនួសបុគ្គលដែលគ្មានសមត្ថភាពធ្វើបណ្តឹងអាចដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីក្លាយជាអ្នកតំណាងពិសេស។
តុលាការអាចជ្រើសតាំងព្រះរាជអាជ្ញាជាអ្នកតំណាងពិសេសបាន ដើម្បីធ្វើសកម្មភាពបណ្តឹងហើយ អ្នកតំណាងពិសេសត្រូវចាំបាច់មានការប្រគល់សិទ្ធិជាអ្នកតំណាង ។ អ្នកតំណាងពិសេស គឺជាអ្នកតំណាងជំនួសអ្នកតំណាងដែលច្បាប់កំណត់ ដូច្នេះអាចប្រើប្រាស់សិទ្ធិអំណាចដូចអ្នកតំណាងដែលច្បាប់បានកំណត់ដែរ (មាត្រា៣៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។

* អ្នកតំណាងដោយអាណត្តិ

យោងតាមមាត្រា ៥៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី អ្នកតំណាងដោយអាណត្តិត្រូវតែជាមេធាវី លើកលែងតែក្នុងករណីពិសេសណាមួយដែលច្បាប់បានកំណត់ លុះត្រាតែ៖
- ក្រមនីតិវិធីរដ្ឋប្បវេណី ឬច្បាប់បញ្ញតិ្តទទួលស្គាល់ក្នុងការជ្រើសតាំងឱ្យធ្វើសកម្មភាពបណ្តឹងជំនួសឱ្យភាគី។
- ភាគីជាស្ថាប័នរដ្ឋ ស្ថាប័ននីតិរដ្ឋបាល អាចចាត់តាំងមន្រ្តី ឬបុគ្គលិក ដែលមានចំណេះដឹងពាក់ព័ន្ធនឹងជំនាញនៅក្នុងស្ថាប័នខ្លួនជាអ្នកតំណាង ។
- រឿងក្តីដែលមានកម្មវត្ថុនៃការទាមទារតិចជាងមួយលានរៀល រួមទាំងមានការអនុញ្ញាតពីតុលាការរដ្ឋប្បវេណី ។

បើទោះបីមានអ្នកតំណាងដោយអាណត្តិ ក្នុងដំណើរការនីតិវិធីបណ្តឹងក្តី ក៏ភាគីអាចចូលរួមក្នុងសកម្មភាពបណ្តឹងបានដដែល ។ ចំពោះសកម្មភាព នៃនីតិវិធីបណ្តឹងរបស់អ្នកតំណាងដោយអាណត្តិអាចបង្កើតអានុភាពដូចភាគី ប៉ុន្តែអ្នកតំណាងដោយអាណត្តិមិនមែនជាភាគីទេ ដូច្នេះអ្នកតំណាងដោយអាណត្តិមិនអាចទទួលអានុភាព នៃសាលក្រម សាលដីកា ដីកាសម្រេច របស់តុលាការឡើយ ។ អ្នកតំណាងដោយអាណត្តិអាចមានសិទ្ធិធ្វើសកម្មភាពបណ្តឹងដូចជាការដាក់ពាក្យបណ្តឹង ការឆ្លើយដោះសារចំពោះពាក្យបណ្តឹង ធ្វើបណ្តឹងតប ប្តឹងទាស់ ប្តឹងតវ៉ា ការចូលរួមអន្តរាគមន៍បណ្តឹង ដាក់បណ្តឹងទៅតុលាការជាន់ខ្ពស់ ការចាត់តាំងអនុតំណាងជាមេធាវី ។

ប្រសិនបើអ្នកតំណាងដោយអាណត្តិជាមេធាវី ភាគីមិនអាចកម្រិតនូវសិទ្ធិដែលត្រូវតំណាងបានឡើយ លើកលែងតែការដាក់បណ្តឹងតប ការដកពាក្យបណ្តឹង ការដកខ្លួនពីបណ្តឹង ការលះបង់ការទាមទារ ការទទួលស្គាល់ការទាមទារ ការផ្សះផ្សា ការដាក់ពាក្យបណ្តឹង និងការដកពាក្យបណ្តឹងឧប្រាស្រ័យ និងការជ្រើសអនុតំណាង ។ ប៉ុន្តែករណីអ្នកតំណាងដោយអាណត្តិមិនមែនជាមេធាវី អាចប្រើប្រាស់សិទ្ធិត្រឹមការព្រមព្រៀងតែប៉ុណ្ណោះ ហើយការព្រមព្រៀងគួរតែធ្វើជាលាយលក្ខណ៍អក្សរ ។

សរុបសេចក្តីមក អ្នកតំណាងតាមផ្លូវបណ្តឹងក្នុងសំណុំរឿងរដ្ឋប្បវេណី ច្បាប់បញ្ញតិ្តឡើងមកក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់របស់ភាគីជាជនត្រូវបានកម្រិតសមត្ថភាព ឬបុគ្គលទូទៅដែលខ្វះខាតចំណេះដឹងផ្លូវច្បាប់ ពុំមានពេលវេលាគ្រប់គ្រាន់ធ្វើសកម្មភាពបំពេញកិច្ចនីតិវិធីដែលតុលាការបានបង្គាប់ឱ្យធ្វើ អាចមានអ្នកតំណាងតាមផ្លូវបណ្តឹង ដើម្បីធ្វើសកម្មភាពជំនួសខ្លួននេះជាតម្លាភាពក្នុងការផ្តល់ភាពយុត្តិធម៌ដល់ភាគី នៅស្ថាប័នតុលាការ ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ និងកញ្ញា ឃាន លក្ខិណា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕