(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023)​ នឹងរៀបចំជាលេីកទី៣​ ក្នុងនាមកម្ពុជាធ្វេីជាម្ចាស់ផ្ទះម្តងទៀត​នាថ្ងៃទី១០​ដល់ថ្ងៃទី១៩​ខែវិច្ឆិកា​ឆ្នាំ២០២៣ខាងមុខនេះ​ជាមួយនឹងវត្តមានបេក្ខនារី​ មកពី៤៥ ទៅ៥៥ប្រទេសចូលរួម​ ដើម្បីធ្វើជាសាក្សីក្នុងការចាប់ផ្តើមនៃការប្រកួតអន្តរជាតិដ៏មានកិត្យានុភាពនេះ ដែលប្រារព្ធឡើងនូវភាពស្រស់ស្អាត វប្បធម៌ និងការយល់ដឹងអំពីបរិស្ថាន។

Miss Planet International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក​ ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។

លើកឡើងនៅក្នុងសន្នីសីទសារព័ត៍មាន ស្តីពីការរៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023)​ លេីកទី៣ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ។

លោកស្រី ឆាយ ស៉ីវលីន បានបន្ថែមទៀតថា តាមរយៈបេក្ខនារី មកពី៤៥ប្រទេសចូលរួមប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ និងចូលរួមជួយផ្សព្វផ្សាយនូវតំបន់ទេសចរណ៍នៅកម្ពុជា និងជួយទាក់ទាញភ្ញៀវទេសចរ មកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍ប្រកួតនេះក៏មានកម្មវិធីជាច្រើនផងដែរ ដែលនឹងធ្វើឱ្យបរទេសអាចមើលឃើញពីភាពល្អផូរផង់របស់កម្ពុជាផងដែរ។

លោកស្រី Halley Amin ស្ថាបនិកកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ បានឱ្យដឹងថា​ កម្មវិធីបវកញ្ញាភពផែនដីអន្តរជាតិ បានបង្កើតខ្លួនជាវេទិកាមួយដែលមិនត្រឹមតែបង្ហាញពីភាពឆើតឆាយ ភាពស្រស់ស្អាត និងគុណធម៌របស់បេក្ខនារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសង្កត់ធ្ងន់យ៉ាងខ្លាំងលើការតស៊ូមតិ និងនិរន្តរភាពបរិស្ថានផងដែរ។ នៅពេលដែលព្រឹត្តិការណ៍នេះបន្តរីកចម្រើនក្នុងភាពល្បីល្បាញជាសកល ការប្រកួតលើកទី៣នេះ​ ដោយសន្យាថានឹងជាការបង្ហាញដ៏អស្ចារ្យ វប្បធម៌ប្លែកៗ និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារភពផែនដីរបស់យើង។

លោកស្រី Halley Amin បានបញ្ជាក់ទៀតថា កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ លើកទី៣នេះ គឺមានលក្ខណៈធំជាងរាល់ដង ដោយសារលើកនេះមានបេក្ខនារីចូលរួមចន្លោះពី ៤៥ ទៅ ៥៥ប្រទេស ដើម្បីប្រូម៉ូតវិស័យទេសចរ វប្បធម៍ជាតិ និងបរិស្ថានទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៣ (Miss Planet International 2023)​ នឹងរៀបចំជាលេីកទី៣ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងមានបេក្ខភាពបេក្ខនារីរបស់ប្រទេសទាំងអស់ នឹងមកដល់ប្រទេសកម្ពុជាចន្លោះថ្ងៃទី១០-១១ ហើយនៅថ្ងៃទី១២ នឹងចាប់ផ្តើមកម្មវិធី។ នៅថ្ងៃទី១៤ បេក្ខនារីនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីថតផ្សព្វផ្សាយពីតំបន់អរិយធម៍ និងវប្បធម៍ ជាមួយនឹងការរៀបកម្មវិធីទាក់ទងនឹងបរិស្ថានជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតផងដែរ៕