(ខេបថោន)៖ ការប្រកួតជម្រុះ African Cup of Nations រវាងក្រុមកុងហ្គោ និងហ្គាំប៊ី នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក នឹងនៅតែបន្តធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃទី១១ ខែកញ្ញ្ញានេះ បើទោះបីជាគ្រោះរញ្ជួយដី ដ៏ខ្លាំងក្លាមួយ បានវាយប្រហារទីក្រុងនេះ កាលពីយប់ថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សជាង១,០០០នាក់ និងរាប់រយនាក់ទៀត បានរងរបួស គិតមកដល់ពេលនេះ ក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

យ៉ាងណាមិញ, ការប្រកួតនាថ្ងៃសៅរ៍ រវាងក្រុមម៉ារ៉ុក និងលីបេរីយ៉ា នៅទីក្រុង Agadir ដែលមានចម្ងាយប្រមាណ ២៦០គីឡូម៉ែត្រ ពីទីតាំងគ្រោះរញ្ជួយដីនោះ ត្រូវបានពន្យារពេល។

ក្រុមកុងហ្គោ និងហ្គាំប៊ី បានចំណាយពេល ១យប់ ស្នាក់នៅក្បែរអាងហែលទឹកនៃសណ្ឋាគាររបស់ពួកគេ ដាច់ដោយឡែកពីគ្នា បន្ទាប់ពីគ្រោះរញ្ជួដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារភ្នំ High Atlas របស់ម៉ារ៉ុក ហើយបានធ្វើឲ្យខូចខាតអគារជាច្រើនខ្នង នៅជិតទីក្រុង Marrakech។

នេះបានក្លាយជាគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សច្រើនជាងគេបំផុត នៅក្នុងប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង ៦ទសវត្សរ៍។

គ្រូបង្វឹកនៃក្រុមទាំងពីរ បានលើកឡើងថា «កីឡាកររបស់ពួកគេ មានអារម្មណ៍រន្ធត់ និងរងរបួស ដោយគ្រោះរញ្ជួយដីនេះ ប៉ុន្តែបានប្រាប់ពួកគេថា ត្រូវតែប្រកួតតាមការគ្រោងទុក»

សូមជម្រាបថា ការប្រកួតជម្រុះក្នុងពូល G រវាងក្រុមហ្គាំប៊ី និងកុងហ្គោ ត្រូវធ្វើឡើងនៅទីក្រុង Marrakech ដោយសារតែហ្គាំប៊ី មិនមានកីឡដ្ឋានសមស្រប សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតលក្ខណៈអន្តរជាតិ៕