(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិ U23 ម៉ុងហ្គោលី ដោយលទ្ធផល ២-១ ក្នុងប្រកួតទី២ នៃវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូលJ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅកីឡដ្ឋាន Prince Sultan ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

ជំនួបដ៏សំខាន់នេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ដោយវគ្គទី១ កម្ពុជា បាននាំមុខក្រុម U23 ម៉ុងហ្គោលី ២-០ ដែលធ្វើសម្រេចដោយកីឡាករមកពីក្លិបវិសាខា គឺកីឡាករ ស រតនា នៅនាទី៣០ និងកីឡាករ សារ ទី នៅនាទី៤៥ ។ ចូលវគ្គទី២ ម៉ុងហ្គោលី ក៏វាយបកបាន ១គ្រាប់វិញ ដោយកីឡាករ Batorgil នៅនាទី៥៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយក្រុម U23 កម្ពុជា ឈ្នះក្រុម U23 ម៉ុងហ្គោលី ២-១ តែម្ដង ។

ជ័យជម្នះនេះ នាំឲ្យក្រុម U23 កម្ពុជា មាន ៤ពិន្ទុក្នុងដៃបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ ១ ខណៈកាលពីប្រកួតដំបូង កម្ពុជា បានស្មើក្រុមខ្លាំងលីបង់ ២-២ ។ ដូច្នេះកម្ពុជា ត្រូវរង់ចាំអ៊ុតការប្រកួត រវាងក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត និងលីបង់ នារាត្រីនេះ មុនការប្រកួតបញ្ចប់ពូល រវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញា ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គបន្ដ នៃពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីនេះ ៕