(ប្រេស៊ីល)៖ ខ្សែប្រយុទ្ធឆ្នើម Neymar នៅពេលនេះបានក្លាយជាអ្នករកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរបស់ជម្រើសជាតិប្រេស៊ីល ដោយបានវ៉ាដាច់កំណត់ត្រារបស់វីរបុរសលោក Pele ក្រោយពេលរូបគេស៊ុតបាន ២គ្រាប់ ក្នុងការយកឈ្នះក្រុមបូលីវី (Bolivia) ៥-១ នៃជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ប្រចាំតំបន់អាមេរិកខាងត្បូង។

ក្នុងវ័យ ៣១ឆ្នាំ ខ្សែប្រយុទ្ធ Neymar បានកាន់កំណត់ត្រា ៧៨គ្រាប់ច្រើនជាងគេ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការបានបង្ហាញខ្លួន ១២៥ប្រកួត ខណៈដែលអតីតបុរសឆ្នើម Pele ធ្វើបាន ៧៧គ្រាប់ចំណោមការលេង ៩២ប្រកួតចាប់ពីឆ្នាំ១៩៥៧ ដល់ ១៩៧១ ដ្បិតលោកបានស្លាប់នៅអាយុ ៨២ឆ្នាំ ដោយបញ្ហាជំងឺកាលឆ្នាំ២០២២។

ស្ថិតក្នុងការប្រកួតនាថ្ងៃទី០៩ ខែកញ្ញានេះ Neymar រកបាន ២គ្រាប់នៅនាទី៦១ និងនាទីចុងម៉ោង ៩០+៣ ក្រោយពេលឱកាសស៊ុតបាល់ ១១ម៉ែត្រមិនបានសម្រេចនៅដើមវគ្គទី១ នាទី១៧ ខណៈការយកឈ្នះលើក្រុមបូលីវី ៥-១ ក៏មានការរួមចំណែករបស់មិត្តរួមក្រុមវ័យក្មេង Rodrygo ក៏រកបាន ២គ្រាប់ និងកីឡាករ Raphinha ស៊ុតបាន ១គ្រាប់ផងដែរ នៃប្រកួតទី១ ក្នុងវគ្គជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង សម្រាប់ឈានទៅព្រឹត្តិការណ៍ World Cup 2026។

រំលឹកផងថា បច្ចុប្បន្នក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលផ្នែកនារី កីឡាការិនី Marta ឈរតំណែងកំណត់ត្រាខ្ពស់ជាងគេដោយស៊ុតបាន ១២២គ្រាប់ចំណោមការលេង ១៨៩ប្រកួត ខណៈដែល Neymar ស៊ុតបាន ៧៨គ្រាប់បណ្តោះអាសន្ន ជាមួយឱកាសនៅមានច្រើនសម្រាប់រូបគេ ដ្បិតស្ថិតក្នុងវគ្គជម្រុះនេះក្រុមប្រេស៊ីល នៅមានចំនួន ១១ប្រកួតទៀត៕