(បរទេស)៖ តារាចម្រៀងអាមេរិកឡាទីនម្ចាស់បទ «Rain Over Me» លោក Marc Anthony ត្រូវបានផ្តល់កិត្តិយសជាតារាទី២៧៦២ ដែលមានផ្កាយឆ្លាក់ឈ្មោះនៅលើវិថី Hollywood Walk of Fame ខណៈកម្មវិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅទី៧ ខែកញ្ញា កន្លងទៅនេះ ដោយមានវត្តមានមិត្តល្អលោកគឺតារាបាល់ទាត់ David Beckham ជាអ្នកសម្របសម្រួលកម្មវិធី ហើយលោក Beckham ក៏បានថ្លែងសារមួយចំនួន ក្នុងន័យចូលរួមអបអរសាទរតារាចម្រៀងរូបនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នោថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងថ្ងៃពិសេសរបស់តារាចម្រៀងរូបនេះ គេក៏ឃើញមានវត្តមានរបស់មនុស្សជាទីស្រឡាញ់របស់លោកចូលរួមផងដែរ គឺភរិយារបស់តារាចម្រៀង Anthony ដែលជាតារាបង្ហាញម៉ូដ ឈ្មោះ Nadia Ferreira (ណាឌា ហ្វើរ៉េរ៉ា) និងកូនប្រុសពីរនាក់របស់លោកក៏បានចូលរួមអបអរក្នុងកម្មវិធីដែលប្រារព្ធឡើងនៅខាងក្រៅសណ្ឋាគារ W Hotel នេះដែរ។ ងាកមកលោក Beckham បាននិយាយថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានស្គាល់ Anthony ជាលើកដំបូងកាលពី២០ឆ្នាំមុន ព្រោះពេលធ្វើដំណើរទៅគ្រប់ការប្រកួតរបស់ Real Madrid លោកតែងតែស្តាប់ចម្រៀងរបស់ Anthony រហូតក្លាយជាហ្វេនចម្រៀងរូបនេះតែម្តង។

គួរជម្រាបថា ក្នុងស្នាដៃសិល្បៈតារាវ័យ ៥១ឆ្នាំ Marc Anthony គឺជាតារាចម្រៀងអាមេរិកឡាទីន ដែលលក់អាល់ប៊ុមដាច់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺខ្ទង់ ១២លានបន្ទះទូទាំងពិភពលោក និងធ្លាប់ឈ្នះពានរង្វាន់ Grammy Award ៤ ដង និងពានរង្វាន់ Latin Grammy Award ៨ ដងផងដែរ៕