(បរទេស)៖ ក្រុមហ៊ុនចិន Tencent កំពុងដាក់ដំណើរការគំរូបញ្ញាសិប្បនិម្មត្តិ AI ថ្មីរបស់ខ្លួនដែលមានឈ្មោះថា «Hunyuan» ជាផ្លូវការហើយ ដែលវានឹងអនុញ្ញាតឱ្យប្រើនៅក្នុងអាជីវកម្មជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

Hunyuan គឺជាគំរូប៉ារ៉ាម៉ែត្រចំនួន ១០០ពាន់លានដែលត្រូវបានបណ្តុះបណ្តាលលើសំណុំទិន្នន័យដ៏ធំនៃអត្ថបទ និងកូដ។ វាអាចត្រូវបានប្រើសម្រាប់មុខងារច្រើនរួមមាន ការបង្កើតអត្ថបទ បកប្រែភាសា សង្ខេបខ្លឹមសារនៃអត្ថបទ សំណួរ-ចម្លើយ ការបង្កើតកូដ និងសរសេរជាអត្ថបទជាដើម។

យោងតាមការប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Tencent បានលើកឡើងថា គំរូ AI ថ្មីរបស់ខ្លួនគឺ មានសមត្ថភាពសន្ទនាជាភាសាចិន និងភាសាអង់គ្លេសបានប្រសើរជាង ChatGPT របស់ OpenAI ជាពិសេសសម្រាប់ការសរសេរអត្ថបទក្នុងទម្រង់វែង។ ក្នុងនោះ Tencent បានគូសបញ្ជាក់ផងដែលថាខ្លួន គ្រោងបញ្ចេញ AI chatbot សម្រាប់គំរូបញ្ញាសិប្បនិម្មត្តិ Hunyuan នៅថ្ងៃព្រហស្បតិ៍នេះតែម្តង៕