(ក្រុងឡុងដ៍)៖ មានបេក្ខភាពគ្រូបង្វឹកដល់ទៅ ៧នាក់ត្រូវបានគេយល់ឃើញថា ដែលអាចជំនួសកៅអីគ្រូបច្ចុប្បន្ន លោក Gareth Southgate បន្ទាប់ពីមានរបាយការណ៍បង្ហាញថា លោកនឹងចាកចេញ ក្រោយចប់ពានអឺរ៉ុប Euro នៅឆ្នាំ២០២៤ ខាងមុខជាមួយជម្រើសជាតិអង់គ្លេស។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា Live Score បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា លោក Southgate នឹងបន្តកាន់តួនាទីអ្នកចាត់ការទូទៅក្រុមតោ៣ អង់គ្លេសក្នុងរយៈពេល ៨ឆ្នាំរបស់លោក ក្នុងការលេងពានធំៗ៤ ផងដែរ និងត្រៀមប៉ះគូប្រជែងអ៊ុយក្រែននារាត្រីថ្ងៃសៅរ៍ស្អែកនេះ សម្រាប់វគ្គជម្រុះ Euro 2024 នៅប្រទេសអាល្លឺម៉ង់ជាបន្តទៀតដែរ នៃវគ្គសន្សំពិន្ទុប្រចាំពូល C។

យ៉ាងនេះក្តី ប្រភពព័ត៌មានខាងលើក៏បានបង្ហាញជូនពីបេក្ខជន ៧នាក់ដែលត្រៀមជំនួសកៅអីបុរសវ័យ ៥៣ឆ្នាំខាងលើនេះមានដូចជា លោក Pep Guardiola បច្ចុប្បន្នដឹកនាំក្លិបអាជីព Manchester City នៅអង់គ្លេសស្រាប់ គ្រាដែលលោកស្រី Sarina Wiegman ដែលទើបដឹកនាំស្រ្តីអង់គ្លេសឡើងផ្តាច់ព្រ័ត្រ FIFA Women’s World Cup 2023 ថ្មីៗនេះ ក៏ជាបេក្ខជនសំខាន់ម្នាក់ដែរ។

ជាមួយគ្នានោះដែរ លោក Lee Carsley ក៏ជាគោលដៅសំខាន់ផងដែរ ដ្បិតទើបដឹកនាំក្រុមយុវជនអាយុក្រោម ២១ឆ្នាំអង់គ្លេស ដណ្តើមបានជើងឯក European Under-21 Championship គ្រាដែលលោក Eddie Howe ត្រៀមដឹកនាំ Newcastle United លេងពាន UEFA Champions League រដូវកាលនេះ ក៏ស្ថិតក្នុងបញ្ជីបឋមដូចគ្នា ស្របពេលលោក Graham Potter, Thomas Tuchel និងលោក Jose Mourinho ក៏ជាគ្រូបង្វឹកដែល FA អង់គ្លេសបានកំពុងពិចារណាទៀតផង៕