(អាយរ៉េស)៖ ខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi រកបាន ១គ្រាប់ជ័យជម្នះឲ្យក្រុមពពកសអាហ្សង់ទីន យកឈ្នះក្រុមភ្ញៀវអេក្វាទ័រ ១-០ នៅថ្ងៃបើកឆាកជម្រុះ World Cup 2026 ប្រចាំតំបន់អាមេរិកឡាទីននាយប់មិញនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា ESPN បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ១គ្រាប់ជ័យជម្នះរបស់ Messi នេះដែរគឺបានកើតឡើងនៅនាទី៧៧ ដោយការទាត់បាល់ free kick ពីការប្រើប្រាស់ជើងឆ្វេង ស្របពេលកំពុងបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរនៅ Major League Soccer របស់អាមេរិកជាមួយក្លិបអាជីព Inter Miami FC។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Lionel Scaloni រកបាន ៣ពិន្ទុ និងឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នផងដែរ ក្នុងចំណោម ១០ក្រុមប្រចាំនៅ CONMEBOL ក្នុងនាមជាក្រុមការពារតំណែងជើងឯក World Cup 2022 និងបង្កើនកំណត់ត្រាលេងមិនចាញ់ក្នុងវគ្គជម្រុះនេះ ដល់ទៅ ២២ប្រកួត គិតចាប់តាំងពីចាញ់បូលីវីក្នុងឆ្នាំ២០១៧ មក។

គួរបញ្ជាក់ផងថា បណ្តាក្រុមទាំង ១០នៅតំបន់អាមេរិកខាងត្បូង (ឡាទីន) ត្រូវលេងសរុប ១៨ប្រកួតក្នុង ១ប្រទេស (ក្រុម) ទាំងពីរជើង ដោយយក ៦ក្រុមឡើងទៅលេងជុំចុងក្រោយវគ្គ ៤៨ក្រុមនៅ World Cup ឆ្នាំ២០២៦ ដែលមានសហរដ្ឋអាមេរិក កាណាដា និងមិចសិចធ្វើម្ចាស់ផ្ទះរួមគ្នា៕