(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងរ៉េបកំពុងមានប្រជាប្រិយភាព ដែលមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម ហើយទាំង The Rapper ថៃ និងវៀតណាម គឺជាកម្មវិធីប្រឡងចម្រៀងរ៉េប ដែលទទួលការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេស ហើយបានបង្កើតធនធានតារាចម្រៀងរ៉េប ដែលមានសមត្ថភាព និងទេពកោសល្យជាច្រើន ដូចជា Milli, Tlinh, Autta, MaiyaRap, Saran, Diamond MQT, Name MT រួមទាំងតារាចម្រៀងរ៉េបផ្សេងៗ ជាច្រើនរូបទៀត។

«The Rapper Cambodia» ផ្តោតសំខាន់ទៅលើការស្វែងរកបេក្ខជន ដែលមានទេពកោសល្យជំនាន់ថ្មី ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសក៏ដូចជាឆាកវេទិកា បញ្ចេញសមត្ថភាពច្រៀងរ៉េប សមត្ថភាពក្នុងការលេងពាក្យសម្តី រួចសរសេរដាក់ចូលក្នុងអត្ថបទចម្រៀងរបស់ខ្លួន យកទៅច្រៀងរ៉េបឱ្យទស្សនិកជនជ្រួតជ្រាប។ ដើម្បីចូលរួមការប្រឡង បេក្ខជនទាំងអស់ ឬហៅថា Rappers ត្រូវតែមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការនិពន្ធ និងច្រៀងរ៉េប ដើម្បីទាក់ទាញចិត្តចំណាប់អារម្មណ៍ ការស្ងើចសរសើរពីគណកម្មការទាំង២រូប និងទស្សនិកជន ដែលកំពុងទស្សនាតាមរយៈការជួយជ្រោមជ្រែង បង្ហាត់ណែនាំពីគ្រូបង្វឹកម្នាក់ក្នុងចំណោម៤រូប។

លោក ផនមុត ច័ន្ទឧត្តម តំណាងខាងក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បាននិយាយថា ពួកយើងមានមោទកភាពក្រៃលែងដែលបានចូលរួមឧបត្ថម្ភកម្មវិធីដ៏ល្បីល្បាញ មានប្រជាប្រិយភាពក្នុងការចូលរួមជួយលើកស្ទួយភាពអស្ចារ្យនៃសិល្បករ សិល្បការនី ទាំងក្មេងចាស់។
ក្រុមហ៊ុនស្រាបៀរហនុមាន មានភាពជឿជាក់ក្នុងការវិនិយោគទៅលើសិល្បករជំនាន់ក្រោយដែលមានសមត្ថភាព និងទេពកោសល្យក្នុងការជួយឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើនរុងរឿង ល្បីសុះសាយគ្រប់ទិសទីគ្រប់សម័យកាលនាពេលអនាគត។​

កញ្ញា ឡូរ៉ា ម៉ម នាយិកាប្រតិបត្តិនៃផលិតកម្មបារមី និងជាផលិតករប្រតិបត្តិ Executive Producer នៃកម្មវិធី «The Rapper Cambodia» បានថ្លែងប្រាប់ឲ្យដឹងថា ផលិតកម្មបារមីមានគោលជំហរ ក្នុងការធ្វើវិនិយោគទុនទៅលើការងារសិល្បៈខ្មែរ ក៏ដូចជាសិល្បករ-សិល្បការិនីខ្មែរ ហើយដែលសំខាន់បំផុតនោះ គឺប្រជាជនខ្មែរដែលជាទស្សនិកជនដ៏ធំចម្បង។​ ពួកយើងតែងតែស្វះស្វែងរកការច្នៃប្រឌិតថ្មីៗ ដើម្បីលើកកម្ពស់កម្រិត និងគុណភាពនៃសិល្បៈខ្មែរឱ្យកាន់តែ
ខ្ពង់ខ្ពស់ និងទាន់សម័យជានិច្ច។ ពួកយើងបានឃើញភាពជោគជ័យ ក្នុងការបង្កើតពន្លកតារាចម្រៀងរ៉េបថ្មីៗឱ្យរះឡើង យ៉ាងត្រចះត្រចង់ របស់កម្មវិធី The Rapper ប្រទេសថៃ និងប្រទេសវៀតណាម ហើយពួកយើងក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ថា វាក៏អាចកើតឡើងបានដូចគ្នាដែរក្នុងប្រទេសកម្ពុជា។

កញ្ញា ឡូរ៉ា ម៉ម បានបន្ថែមទៀតថា ពួកយើងសូមសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់ក្រុមហ៊ុនស្រាបៀរហនុមាន ដែលតែងតែចូលរួមសកម្មភាពគាំទ្រ លើកស្ទួយកម្មវិធីសិល្បៈ និងវប្បធម៌ខ្មែរ។ ពួកយើងទាំងអស់គ្នាជឿជាក់ថា ពួកយើងអាចមានសមត្ថភាពធ្វើការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែល្អប្រសើរឡើង ហើយនឹងបន្តពង្រីកសក្តានុពល នៃប្រទេសកម្ពុជាឱ្យរុងរឿងថ្កើងថ្កានគ្រប់ទិសទី។

ដោយឡែកតារាចម្រៀងរ៉េបលោក វណ្ណដា ដែលជាផលិតករ និងជាគណកម្មការវិនិច្ឆ័យសមត្ថភាពប្រឹក្សាឱ្យយោបល់ បានថ្លែងប្រាប់ឲ្យដឹងថា លោកពិតជាមានអារម្មណ៍ថា រីករាយ និងសប្បាយចិត្តជាខ្លាំង ដែលបានចូលរួមនៅក្នុងកម្មវិធី សន្និសីទសារព័ត៌មាននៅក្នុងថ្ងៃនេះ ក៏ដូចជាធ្វើជា Prodcuer នៅក្នុងកម្មវិធី The Rapper Cambodia។

តារាចម្រៀងរ៉េប វណ្ណដា បានបន្តថា ជាច្រើនឆ្នាំកន្លងមក លោកនៅជាមួយបារមី ឃើញថាពួកយើងបានធ្វើរឿង ដែលអស្ចារ្យជាច្រើនសម្រាប់វិស័យចម្រៀង Rap និង Hip Hop នៅក្នុងប្រទេសកម្ពុជារបស់យើង។ លោកតែងតែប្រាប់ទៅដល់អ្នកសិល្បករជំនាន់ក្រោយថា យើងអាចចាប់ផ្ដើមក្ដីស្រមៃរបស់យើងបាន គ្រប់ពេលវេលាទោះបីជានៅក្នុងបន្ទប់គេង ក៏យើងអាចចាប់យកឱកាសនៅក្នុងការរៀនសរសេរបទចម្រៀង កុំចាំរហូតទាល់តែអ្នកទាំងអស់គ្នាមានពេល ប៉ុន្តែសូមចាប់ផ្ដើមពីឥឡូវនេះ។ តាមចាប់ក្ដីស្រមៃរបស់អ្នក ដោយមានភាពជឿជាក់ទៅលើខ្លួនឯង មានភាពអត់ធ្មត់ និងការតស៊ូព្យាយាម ហើយលោកជឿថា អ្នកអាចធ្វើវាបាន។

វណ្ណដា បន្ថែមថា «បច្ចុប្បន្ននេះខ្ញុំឃើញថា ក្មេងជំនាន់ក្រោយដែលពួកគាត់ពោរពេញទៅដោយសមត្ថភាព ហើយកាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំមិនមានអ្វីនោះទេ ប៉ុន្តែខ្ញុំមានសំឡេង សំឡេងដែលខុសពីអ្នកដទៃ ហេតុនេះខ្ញុំត្រូវប្រើប្រាស់សំឡេងមួយនេះប្រកបដោយភាពត្រឹមត្រូវ សុចរិត និងមានទំនួលខុសត្រូវ ហើយនេះគឺជាគន្លឹះមួយក្នុងចាប់ផ្ដើមស្វែងរកក្ដីស្រមៃរបស់ខ្លួនឯង»

សូមបញ្ជាក់ថា បេក្ខជនដែលជាម្ចាស់ជយលាភី នៃកម្មវិធី «The Rapper Cambodia» នឹងទទួលបានប្រាក់រង្វាន់៤០លានរៀល ($10,000) ក៏ដូចជាឱកាសចាប់ផ្តើមអាជីពជាតារាចម្រៀងរ៉េប និងការចូលរួមសម្តែងផ្សេងៗនាពេលអនាគត។

កម្មវិធីប្រឡងចម្រៀងរ៉េបនេះ នឹងធ្វើការចាក់ផ្សាយវគ្គដំបូងលើកញ្ចក់ទូរទស្សន៍បាយ័ន ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលារាត្រីចាប់ពីម៉ោង៩៖០០នាទី ដល់ម៉ោង១០៖៣០នាទី។ រីឯវគ្គបន្តបន្ទាប់នឹងចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់វគ្គចុងបញ្ចប់រដូវកាលទី១ នឹងមានធ្វើ ការចាក់ផ្សាយបន្តផ្ទាល់ ពីឆាកវេទិកាប្រឡងក្នុងរាជធានីភ្នំពេញ ដែលមានមហាជនច្រើនកុះកររង់ចាំទស្សនា។ រាល់ព័ត៌មាននានាទាក់ទងនឹងវគ្គចុងបញ្ចប់នឹងត្រូវ
ផ្សព្វផ្សាយតាមពេលក្រោយ៕